(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលរស់នៅ និងប្រកបមុខរបរ អាស្រ័យផលផ្សេងៗ ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានជួបជុំគ្នាដាក់ពាក្យស្នើសុំទៅអាជ្ញាធរ និងមន្រ្តីជំនាញស្រុកស្ទឹងហាវ ក្នុងគោលបំណងចង់ឲ្យចុះមកពិនិត្យទិដ្ឋភាពជាក់ស្តែងពីការរស់នៅ និងការអាស្រ័យផលនានា ក្នុងភូមិសាស្ត្ររបស់ពួកគាត់ ដើម្បីពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដូចប្រជាពលរដ្ឋដទៃដែរ។
ជុំវិញនូវការស្នើសុំខាងលើនេះដែរ ប្រជាពលរដ្ឋមានការលើកឡើងព្រមគ្នាថា គ្រប់ពេលដែលពួកគាត់សាកសួរពីដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិនេះ អាជ្ញាធរពាក់ព័ន្ធហាក់បានឆ្លើយបែបមិនប្រដកប្រជា ជាមួយពួកគាត់ ដោយអ្នកខ្លះថា ដីនេះស្ថិតក្នុងដែនក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដែលជាកក្តាធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភជាខ្លាំង។
ចំពោះការលើកឡើងរបស់ លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ បានឆ្លើយតបទៅការសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋថា ចំពោះទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំនេះ វាជាដីដែលពុំទាន់ច្បាស់លាស់ នៅមានភាពស្រពិចស្រពិលជាមួយដីកម្មសិទ្ធិឯកជន របស់អ្នកដទៃ។ ដូចនេះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋរង់ចាំការពិនិត្យលើភាពជាក់ស្តែង ឲ្យបានច្បាស់លាស់សិន។
ដោយឡែកយោងតាមប្រភព ពីមន្ត្រីសាលាស្រុកស្ទឹងហាវ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ចំពោះដីប្រជាពលរដ្ឋស្នើសុំចេញប័ណ្ណកម្មសិទ្ឋិខាងលើនេះ ពុំមានការពាក់ព័ន្ឋជាដីកម្មសិទ្ឋិឯកជនរបស់អ្នកដទៃ ឬក្រុមហ៊ុនណានោះទេ។ ភាគរយតិចតួច គឺអាចពាក់ព័ន្ធតែជាមួយដីចំណីព្រែកតែប៉ុណ្ណោះ ព្រោះដីនោះមានព្រំប្រទល់ច្បាស់លាស់ និងមានផ្លូវជាភស្តុតាងស្រាប់។
សូមបញ្ជាក់ថា បើតាមសម្តីរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងនេះដើមឡើយដីនេះ ស្ថិតនៅក្នុងដែនដីឃុំជើងគោគ្រប់គ្រង ដោយរដ្ឋបាលស្រុកព្រៃនប់។ ប៉ុន្តែក្នុងកំឡុងឆ្នាំ១៩៩៦ ដល់ត្រឹមឆ្នាំ២០១២ ពួគគាត់មានការទទួលស្គាល់ពីអាជ្ញាធរឃុំជើងគោរស់នៅស្របច្បាប់។
ក្រោយមកក្នុងអំឡុងចុងឆ្នាំ២០១២ ដីដែលពួកគាត់រស់នៅនេះត្រូវបានកាត់ចេញពីឃុំជើងគោស្រុកព្រៃនប់ បញ្ចូលមកក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវវិញ។ នៅក្រោយឆ្នាំ២០១៤ រាល់ពេលមានការបោះឆ្នោតពួកគាត់បានមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំទំនប់ ស្រុកស្ទឹងហាវ មិនដែលខកខានម្តងណាឡើយ រហូតដល់ពេលបច្ចុប្បន្ន៕