(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងបរិវេណវិទ្យាល័យបាក់ទូក អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល រួមទាំងផ្តល់ អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ ដែលមកពីសង្កាត់អូរឬស្សីទី២ ចំនួន ៥០គ្រួសារ និងសង្កាត់មនោរម្យ ចំនួន ៥០គ្រួសារ។
លោក ថេង សុថុល បានធ្វើការកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
លោក ថេង សុថុល នៅក្នុងពេលចែកអំណោយ បានថ្លែងដាស់តឿន អ៊ុំពូមីង យាយតា យកចិត្តទុកដាក់ថែរក្សាសុខភាព និងបញ្ហាអនាម័យល្អឲ្យបានគ្រប់ៗគ្នា ខណៈរដូវនេះជារដូវរំហើយ ងាយប្រឈមនឹងជំងឺផ្តាសាយ ជាពិសេសជំងឺគ្រុនឈាម។ លោកបានណែនាំនូវការប្រកាន់ខ្ជាប់ការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យបរិស្ថានល្អ ដែលជាកត្តាជាឆ្ងាយពីមេរោគនានា។
នៅក្នុងពិធីចែកអំណោយនេះផងដែរ លោកអភិបាលខណ្ឌ៧មករា ក៏បានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋចូលរួមរៀបចំសោភណភាពខាងមុខផ្ទះឲ្យបានស្អាតសមរម្យ ខណៈចាប់ពីខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដែលនឹងមានវត្តមានគណៈប្រតិភូអន្តរជាតិជាច្រើនប្រទេស មកកាន់ប្រទេសកម្ពុជា។ លោក ថេង សុថុល បានថ្លែងថា ការចូលរួមនេះ គឺជាភាពចាំបាច់របស់ពលរដ្ឋគ្រប់រូប ក្នុងការស្តារលើកមុខមាត់ប្រទេស ជាប្រទេសដែលមានអនាម័យបរិស្ថានស្អាតល្អ។ លោកបានបញ្ជាក់បន្ថែមថា ក្នុងនោះបញ្ហាសម្រាមត្រូវវេចខ្ចប់ទុកដាក់នៅក្នុងផ្ទះឲ្យបានត្រឹមត្រូវ រង់ចាំរថយន្តប្រមូលសម្រាមមកដល់ ចាំបញ្ចេញមកក្រៅ។
នៅក្នុងអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់ជូន ក្នុងមួយគ្រួសារ រួមមាន អង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ១កេស មី ១កេស ឃីត ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល ក្នុងមួយគ្រួសារ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕