(ត្បូងឃ្មុំ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក រ័ត្ន វិរៈ អនុប្រធានក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សស្រុក និងគណបក្សមូលដ្ឋានឃុំព្រះធាតុ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ ស្ថិតក្នុងភូមិទួលសំបូរ និងភូមិបាស្រី ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិការបស់ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកអូររាំងឪ ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក ដោយមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ត្រីខ ១០កំប៉ុង ថ្នាំពេទ្យ ១ប្រអប់ និងថវិកា ៤០,០០០រៀល។

ក្នុងឱកាសនោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ ដែលមានសាមគ្គីភាពផ្ទៃក្នុងគ្នាបានល្អ និងខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពិសេស លោក លោកស្រី ជាមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ដែលទើបជាប់ឆ្នោត និងតែងតាំងថ្មី បានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងនោះការយល់ដឹងពីទុក្ខធុរៈ និងចូលរួមដោះស្រាយជាបន្តបន្ទាប់។

លោក រ័ត្ន វិរៈ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ជាចម្បងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទីណាមានប្រជាពលរដ្ឋរងទុក្ខ រងគ្រោះដោយធម្មជាតិ អត់ឃ្លាន ទីនោះមានមុខមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

ឆ្លៀតក្នុងនោះលោក រ័ត្ន វិរៈ រួមជាមួយលោក ពុទ្ធ សូរិទ្ធី, លោក ខ្វៃ អាទិត្យា លោកស្រី គឹម ណេង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ និងសហការី នាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន បាននាំយកថវិការបស់លោក អ៊ាង សុផល្លែត និងថវិកាបដិភាគក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ និងថវិការបស់លោក ទ្រី ពៅ ប្រធានគណបក្សមូលដ្ឋាន ឃុំព្រះធាតុ ចំនួន ១,១០០,០០០រៀល ចូលរួមបុណ្យសព លោក សែម សឿន មេភូមិជ័យសោភ័ណ្ឌ ព្រមទាំងបានចុះសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋាន លោក ដេត បញ្ញា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឆក់ខ្សែភ្លើងនៅរាជធានីភ្នំពេញ បណ្តាលឱ្យពិការដៃទាំងពីរ ជូនគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ២០០,០០០រៀល និងចុះសួរសុខទុក្ខលោកស្រី សែ ញ៉ សមាជិកសាខាបក្សភូមិទួលសំបូរ ដែលមានជំងឺប្រចាំកាយកំពុង សម្រាក់ព្យាបាលនៅគេហដ្ឋាន ជូនគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០០,០០០រៀល ផងដែរ៕