(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចាប់ពីពេលនេះទៅប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ នឹងទទួលបានពូជស្រូវ ១០០គីឡូក្រាមស្មើៗគ្នា ដោយមិនមានគិតការខូចខាតលើចំនួនផ្ទៃដីតិច ឫច្រើនដូចពេលពីមុនទៀតនោះទេ និងបានស្នើរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ពូជស្រូវមិនអស់ អាចជួយចែករំលែកទៅឱ្យអ្នកដែលប្រើប្រាស់មិនគ្រប់ទៅតាមមធ្យោបាយជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ។

ទាក់ទងនឹងការចែកពូជស្រូវនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងអត់មានបែកចែកស្រែធំ ស្រែតូចទៀតទេ ឥលូវក្នុងមួយគ្រួសារប្រគល់ជូន ១០០គីឡូក្រាមស្មើរៗគ្នាទាំងអស់តែម្តង ក៏ប៉ុន្តែក៏សុំបងប្អូនដែលទទួលបាន ៥០គីឡូក្រាមពីមុននោះ សុំកុំមកទារថែមដល់ ១០០គីឡូក្រាម អង្វករគ្រប់ខេត្តទាំងអស់ មានតាំងពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តមួយចំនួនទៀត ដែលបានទទួលហើយ ៥០គីឡូក្រាម កុំមកទារថែមទៀតអី ហើយចាប់ពីពេលនេះទៅទទួលបាន ១០០គីឡូក្រាមស្មើរៗគ្នា»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះអ្នកដែលមានស្រែតូចប្រើមិនអស់ អាចជួយទៅអ្នកដែលខ្វះពូជបាន ព្រោះប្រជាកសិករពីមុនមកតែងតែធ្វើតាមរបៀបនេះ ដែលយើងអាចធ្វើការរយៈជាការខ្ចីគ្នា ឫតាមរយៈការឱ្យទៅគេ ឫតាមរយៈអ្វីក៏ដោយដើម្បីធ្វើយ៉ាងណាអាចប្រើប្រាស់ពូជស្រូវនេះ ហើយបើសិនទុកពូជស្រូវនេះរហូតលែងដុះហើយ អាចយកទៅកិនជាអង្ករ ទុកទទួលទានបាន អាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកចាត់ចែង។

សម្តេចតេជោ បានបន្ថែមថា ទាក់ទងនឹងការចែកពូជស្រូវនេះ ស្ថាប័នដែលជាអ្នកទទួលបន្ទុកគឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលត្រូវធ្វើការជាមួយតាមបណ្តាខេត្ត និងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រូវចុះវាយតម្លៃឱ្យបានទាន់សភាពការណ៍ បើសិនឃើញមានកន្លែងណាដែលមិនទាន់បានពូជស្រូវគ្រប់គ្រាន់ ត្រូវចុះចែកភ្លាមៗ ដើម្បីឱ្យប្រជាពលរដ្ឋអាចមានពូជស្រូវ បានប្រើប្រាស់ទាន់ពេលវេលា។

បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះទៀតថា « រាជរដ្ឋាភិបាលនឹងធ្វើអន្តរាគម តាមរយៈដែលខ្ញុំដាក់ចេញមុននេះថា នឹងដោះស្រាយផលប៉ះពាល់បណ្តាលមកពីអតិផរណា ដែលមានប្រជាជនប្រមាណជា ៦០ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលផលពីសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានផ្តល់ [..] ប៉ុន្តែយើងនឹងបន្ថែមលើបណ្ណក្រីក្រ ដែលមានប្រជាពលរដ្ឋប្រមាណជិត ៧០ម៉ឺនគ្រួសារ យើងមានអន្តរាគមមួយទៀត គឺអន្តរាគមជួួយទៅដល់អ្នកដែលមានផលប៉ះពាល់បណ្តាលមកពីអតិផរណា ប៉ុន្តែដោយមានបញ្ហាការកើតឡើងនូវគ្រោះធម្មជាតិនេះ យើងក៏បានបញ្ជូលបងប្អូនទាំងនេះចូលមកក្នុងការវាយតម្លៃស្តីពីអ្នកទទួលបាននូវអន្តរាគម»

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលទទួលការលិចលង់ដោយទឹកជំនន់ទាំងអស់មេត្តាអធ្យាស្រ័យ ព្រោះអ្នកដែលទទួលការលិចលង់នេះ មិនមែនទាំងអស់គ្នា សុទ្ធតែអ្នកក្រីក្រទេ ដូចនេះហើយអ្នកដែលត្រូវទទួលបានការជួយអន្តរាគមនេះ គឺអ្នកដែលប័ណ្ណក្រក្រីហើយ និងអ្នកដែលនៅកៀកនឹងបន្ទាត់ក្រីក្រី ដែលរាប់ទាំងអ្នកលក់ដូរ តាមកញ្ចែងនៅតាមផ្សារមួយចំនួនក៏ត្រូវទទួលបានផងដែរ ហើយអ្នកដែលមានជីវភាពមធ្យមហើយ ក៏ទទួលបានស្រូវពូជដូចគ្នាដែរ តែមិនអាចទទួលបានអន្តរាគមសាច់ប្រាក់ស្មើអ្នកក្រីក្រនោះនោះទេ៕