(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ បានស្នើដល់ក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនាផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ គោរពតាមលក្ខណៈបច្ចេកទេស តាមស្តង់ដារ កុំឲ្យគេចោទថា «ចាក់ក្រាស់ស៊ីស្តើង ឬចាក់ស្តើងស៊ីក្រាស់»។
លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ខណៈលោកចូលរួម ជាអធិបតីភាពក្នុងពិធី បើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវចូល សកលវិទ្យាល័យកសិកម្មចំការដូង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះ លោកអភិបាលសំណូមពរ ដល់ប្រជាជនរស់នៅសងខាងផ្លូវ មេត្តាចូលរួមសហការ ជាមួយក្រុមហ៊ុន និងអាជ្ញាធរ ដើម្បីឲ្យដំណើរការដ្ឋាន ប្រព្រឹត្តទៅដោយរលូន និងឆាប់ហើយតាមគម្រោងផែនការ និងបានជួយសម្រួលដល់បងប្អូន ក្នុងការធ្វើដំណើរចេញចូលលំនៅឋានផងដែរ។
លើសពីនេះទៅទៀតនោះ លោកអភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងនិស្សិតសូមធ្វើដំណើរដោយ គោរពច្បាប់ចរាចរណ៍ ខណៈមានផ្លូវស្អាតធំទូលាយ។ លោក ប៉ា សុជាតិវង្សបន្តថា កំណាត់ផ្លូវប្រមាណជាង៦០០ម៉ែត្រ ធ្វើអំពីបេតុងឆ្អឹងដែក កំរាស់១តឹកកន្លះ នឹងក្លាយជាប្រយោជន៍ដល់និស្សិត និងប្រជាពលរដ្ឋ ដែលធ្វើដំណើរ កាត់តាមតំបន់ខាងលើ។
ជាមួយគ្នានោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានបញ្ជាក់ថា ក្នុងជំហានទី១នេះ គំរោងស្ថាបនាផ្លូវ និងប្រើរយៈពេល៣ខែជាមួយ និងការស្នើសុំ ការយោគយល់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលរងការរំខាន ដោយការស្ថាបនាផ្លូវខាងលើ។
លោកបន្តថា ក្នុងជំហានទី២ គម្រោងពង្រីកផ្លូវនេះ ធ្វើការពង្រីកបន្ថែម២ម៉ែត្រ សងខាងឲ្យបានទំហំ១១ម៉ែត្រ៕