(ភ្នំពេញ)៖ នៅថ្ងៃខួប ៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួល នាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

ថ្លែងពេលជួបជាមួយកសិករជាង ៥ពាន់គ្រួសារ និងចែកពូជស្រូវជាង ៥០០តោន នៅខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពទីក្រុងប៉ារីស ត្រូវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា ជាពិសេសការជួបគ្នារវាងសម្តេច នរោត្តម សីហនុ និងសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមនិយាយបន្តិចជាមួយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ខ្ញុំក៏មិនចង់ចូលជ្រៅអីដែរទេ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះបណ្តាប្រទេសនានា រាប់ទាំងអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដោះស្រាយជាមួយយើង ដើម្បីបង្កើតឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាពិសេស រម្លឹកដល់ព្រះកុរណា ព្រះបិតា របស់យើង។ ការចាប់ផ្តើមចរចា ដែលគេនិយមហៅថា កិច្ចចរចា សីហនុ-ហ៊ុនសែន ហ្វ៊ែរអង់តាដឺណ័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយ ដែលសំខាន់ ដើម្បីបើកផ្លូវឲ្យឆ្ពោះទៅរកការផ្សះផ្សាជាតិ។ នេះជាបញ្ហាធំណាស់ គ្មានបរទេសណា ដែលអាចធ្វើជំនួសខ្មែរបានទេ»

សម្តេចបន្តថា «ការចរចាចេះតែរីកបន្តិចម្តងៗ រហូតដល់មានការប្រជុំក្រៅផ្លូវការ ចាកាតារ លើកទី១ លើកទី២ បន្តបន្ទាប់ទៅមានសន្និសីទទីក្រុងប៉ារីស ឆ្នាំ១៩៨៩។ ពេលហ្នឹង ប្រទេសធំតាំង៥ ដែលជាសមាជិកអិចន្ត្រៃយ៍ អង្គការសហប្រជាជាតិ មិនទាន់ចូលអន្តរាគមន៍ទេ។ ឆ្នាំ១៩៩០ ទើបប្រទេសទាំង៥ ចូលរួម បង្កើតឡើងដោយយកក្របខណ្ឌនៃការព្រមព្រៀង របស់ភាគីកម្ពុជា ដែលមានការស្រុះស្រួលគ្នា បូកទៅគំនិតផ្តួចផ្តើមទាំងឡាយ ដែលប្រទេសធំត្រូវធានា»​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ អង្គការសហប្រជាជាតិ បានចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលរួមតស៊ូដណ្តើមអំណាចថ្វាយសម្តេច នរោត្តម សីហនុ តែអាពត បានប្លន់អំណាច។ ជាមួយគ្នានេះ សម្តេចតេជោ អះអាងថា ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ។

សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកស៊ីកេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា «តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងពីការកាត់ទោសខ្មែរក្រហមទេ»?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្នកវិភាគដែលរត់ស្រាតខោពេលកើតមានកិច្ចព្រមព្រៀង កំពុងតាំងខ្លួនជាអ្នកចេះដឹង និងជំនាញលើកិច្ចព្រមព្រៀងប៉ារីស។ បើតាមប្រសាសន៍ សម្តេចតេជោ នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបទី៣១ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២២) ដែលជាកិច្ចព្រមព្រៀងមួយបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹតលើដែនដីកម្ពុជាដ៏កម្សត់ នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍នោះ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗបីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា៕