(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺនៅគ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋមានទុក្ខ គឺតែងតែមានមុខសម្តេច និងគណបក្សប្រជាជន ចាំជួយប្រជាពលរដ្ឋជានិច្ច។
ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ បានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត។
ទន្ទឹមនឹងនេះការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជានារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចវ៉ាក់ការពារ ជូនប្រជាជនយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលតែងតែគាំទ្ររាល់សកម្មភាពនានារបស់រាជរដ្ឋាភិបាល ដែលលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនមិនកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរ។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា នេះគឺជាខួប២ឆ្នាំ នៃជំនួបរវាងសម្តេច និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។ ត្រង់ចំណុចនេះ គឺនៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជន ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹង ខ្ញុំអត់ទៅណាចោលបងប្អូនទេ អាហ្នឹងជាចំណុចខ្លាំងរបស់គណបក្សប្រជាជនវានៅកន្លែងហ្នឹង ឱ្យតែមានទុក្ខ ពេលសប្បាយហើយមិនចាំបាច់រកមុខ ហ៊ុន សែន ទេ ប៉ុន្តែ នៅពេលប្រជាជនលំបាក ហ៊ុន សែន ត្រូវតែរត់រកប្រជាជនតែម្តង បើទោះបីកម្លាំងរាងជ្រេបន្តិចក៏ដោយ ប៉ុន្តែ ត្រូវតែលះបង់ដើម្បីប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសម្តេច ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងមិនរុញរាជាដាច់ខាតសម្រាប់ការលះបង់។ ជាក់ស្តែង បើទោះបីឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលមានភាពមមាញឹកក្នុងរៀបចំកិច្ចប្រជុំនានាយ៉ាងក្តី ប៉ុន្តែ សម្តេចនៅតែបន្តចុះជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដើម្បីដោះស្រាយបញ្ហានានារបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងបន្តចុះជួបប្រជាពលរដ្ឋនៅបណ្តាលខេត្តដែលរងគ្រោះដោយសារ ទឹកជំនន់នៅតំបន់បឹងទន្លេសាប និងបន្តត្រឡប់មករាជធានីភ្នំពេញ វិញដើម្បីបញ្ចប់ការងារមួយចំនួន ហើយនឹងបន្តចុះមកខេត្តកំពង់ធំ បន្តទៀត ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យបានរួចរាល់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣៕