(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្ដិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅ និងអំពាវនាវដល់ប្រជាពលរដ្ឋ នៅតែបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ការថ្លែងអំណរគុណ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង អរគុណដោយលើកដៃសំពះ គឺនៅត្រង់ថា នៅពេលបោះឆ្នោត ឃុំ-សង្កាត់ នាកន្លងទៅ បងប្អូនបានបោះឆ្នោតឲ្យគណបក្សប្រជាជន ឈ្នះភ្លូកទឹកភ្លូកដី តែម្ដង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បើសិនជាបងប្អូន ទុកចិត្ដលើគណបក្សប្រជាជន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនបន្ដទៀត ហើយសម្ដេចនឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋជារៀងរហូត។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមកពីគណបក្សប្រជាជន ត្រូវធ្វើការឲ្យល្អ ដើម្បីបម្រើប្រជាពលរដ្ឋ។ សម្ដេចតេជោ ជឿជាក់ថា ប្រជាពលរដ្ឋ បានឃើញការទទួលខុសត្រូវ របស់គណបក្សប្រជាជន លើអ្វីដែលបានកើត នៅរយៈពេលកន្លងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលកូវីដ អ្នកណានៅជាមួយបងប្អូន អ្នកណារកវ៉ាក់សាំងឲ្យបងប្អូន គឺមានតែគណបក្សប្រជាជន ដែលដឹកនាំដោយរាជរដ្ឋាភិបាល ហើយសម្ដេច ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅឆ្នាំ២០២៣ខាងមុខនេះ សូមបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលប្រជាពលរដ្ឋមានទុក្ខ គឺមានមុខសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនជានិច្ច។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕