(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ទីដែលធ្លាប់គ្រប់គ្រងដោយខ្មែរក្រហម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកនូវរឿងរ៉ាវមួយចំនួនពាក់ព័ន្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាពិសេសចំណុចដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងនេះ គឺការបញ្ចប់សង្គ្រាមផ្ទៃក្នុង ប៉ុន្ដែអ៊ុនតាក់ (អង្គការសហប្រជាជាតិ) មិនអាចជួយបាន។
ការរំលឹកឡើងវិញរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺចំខួបទី៣១ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២២) ដែលជាកិច្ចព្រមព្រៀងមួយបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹត លើដែនដីកម្ពុជាដ៏កម្សត់ នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍នោះ។
សម្ដេចតេជោ ហ៊ុន សែន ពេលកំពុងជួបសំណេះសំណាលចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស សង្គ្រាមនៅកម្ពុជាមិនទាន់ត្រូវបានបិទបញ្ចប់ទាំងស្រុងនោះទេ ពោលពេលនោះអ៊ុនតាក់ បានចំណាយលុយរហូតដល់ជាង២ពាន់លានដុល្លារ ដោយបន្សល់ទុកឲ្យកម្ពុជា មានតំបន់គ្រប់គ្រងពីរ និងរដ្ឋាភិបាលពីរ ដោយក្នុងនោះ រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត និងរដ្ឋាភិបាលខ្មែរក្រហម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ប៉ុន្ដែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅត្រង់ថាពេលដែលអ៊ុនតាក់ ចំណាយលុយ២ពាន់លានដុល្លារទៅហើយ ដកត្រឡប់ទៅវិញទុកឲ្យកម្ពុជា មានតំបន់គ្រប់គ្រង២ និងរដ្ឋាភិបាល២នៅកម្ពុជា។ រដ្ឋាភិបាលមួយចេញពីការបោះឆ្នោត ឯរដ្ឋាភិបាលមួយទៀត គឺរដ្ឋាភិបាលខ្មែរក្រហម»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានរំលឹកទៀតថា ទីតាំងដែលសម្ដេចកំពុងស្ថិតនៅនេះ ពោលនៅតំបន់ម៉ាឡៃ កំរៀង ភ្នំព្រឹក សំពៅលូន ប៉ៃលិន សំឡូត កោះកុងជាដើម អតីតកាលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, អ្វីដែលធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរ៉ៃបានជោគជ័យ គឺនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្ដេច រួមជាមួយប្រតិបត្តិករដ៏ស្មោះត្រង់ទៅវិញទេ ទើបកម្ពុជាបានបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង។ សម្ដេចបន្ដទៀតថា រហូតដល់ដើមឆ្នាំ១៩៩៨ ទើបកម្ពុជាធ្វើសមាហរណកម្មអស់បញ្ចូលគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា បើគ្មានព្រះរាជតួនាទីរបស់សម្ដេចព្រះនរោត្ដម សីហនុ ហើយបើគ្មានការដង្ហែតាមព្រះអង្គពីបណ្ដាបក្សនយោបាយនានាដែលចូលរួមបោះឆ្នោតទេនោះ ច្បាស់ណាស់មកដល់ពេលនេះអង្គការសហប្រជាជាតិ មិនទាន់ដកចេញពីកម្ពុជារួចនោះទេ។ សម្ដេចថា ក្រោយការបោះឆ្នោតបានកើតឡើងនៅបាតុភាពផ្សេងៗជាច្រើន ទាំងការមិនទទួលយកការបោះឆ្នោតជាច្រើន ប៉ុន្ដែក្រោមព្រះរាជតំរិះរបស់ព្រះបរមរតនកោដ្ឋ បានធ្វើការសម្របសម្រួលគ្នា។
សូមរំលឹកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួន នៃការចរចារបស់សម្តេចទម្រាំឈាន ដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមានភាគីហត្ថាលេខី៤ភាគី គឺសម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៉ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោកតា សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១៖ រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣៖ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា៕