(មណ្ឌលគិរី)៖ យោងតាមការសិក្សាជាចង្កោមមួយដោយ ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាមនៅតំបន់ទេសភាពភាគខាងកើត ក្នុងប្រទេសកម្ពុជា បានថយចុះគួរឱ្យកត់សម្គាល់។ ក្នុងនោះសត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។ ការសិក្សាដដែលនេះ ក៏បានបង្ហាញដែរថា វត្តមាននៃសត្វរមាំង ខ្ទីង និងប្រើស នៅក្នុងតំបន់ព្រៃទេសភាពមានកម្រិតទាប។
ការថយចុះប្រភេទសត្វជើងជំពាមនេះ បណ្តាលមកពីតម្រូវការនៃបរិភោគសាច់សត្វព្រៃ គឺជាកត្តាចលករចម្បងមួយ ដែលជំរុញឱ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។
របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរី បានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១,៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។
បើតាមលោក នេត្រ ភក្រ្កា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «អ្នកបរិភោគសាច់សត្វព្រៃ ដើម្បីបំប៉នសុខភាព ឬដើម្បីព្យាបាលជំងឺផ្សេងៗ ក៏ដូចជាសម្រាប់ប៉ូវកម្លាំង ឬសម្រាប់ការលើកកត្តិយសខ្លួននោះ គឺជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ ការបរិភោគសាច់សត្វព្រៃ មិនត្រឹមតែបង្កហានិភ័យដល់សុខភាពអ្នកបរិភោគខ្លួនឯងនោះទេ ប៉ុន្តែជាអកុសល វាក៏លើកទឹកចិត្តឱ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃដែលមានតម្លៃជាសកល»។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា បានលើកឡើងថា៖ «សត្វព្រៃដែលមានតម្លៃជាសកល ដូចជា សត្វខ្លាធំ និង សត្វគោព្រៃបានផុតពូជរូចទីហើយ ដោយសារការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរខុសច្បាប់ ដែលសកម្មភាពទាំងនេះ កំពុងនៅតែបន្តសម្លាប់សត្វព្រៃជាប្រចាំ ដែលបបណ្តាលឱ្យចំនួនសត្វព្រៃផ្សេងៗទៀតនៅក្នុងតំបន់ការពារធម្មជាតិធ្លាក់ចុះយ៉ាងគំហុក។»
តាមការសិក្សាជាចង្កោម បានគូសបញ្ជាក់ថា៖ «សត្វព្រៃដែលបានរងគ្រោះដោយសាររតម្រូវការសាច់សត្វព្រៃ និងការជួញដូរខុសច្បាប់ រាប់បញ្ចូល សត្វប្រភេទក្រចកជើងចំពាម ដូចជា៖ សត្វឈ្លូស ជ្រូកព្រៃ ទន្សោង ប្រើស ក៏ដូចជា សត្វត្រកួត សំពោច អាញីជាដើម»។
លោក នេត្រ ភក្រ្កា បានបន្ថែមថា៖ «នេះគឺជាពេលវេលាដ៏សំខាន់មួយ ដែលអ្នកនិយមចូលចិត្តបរិភោគ និងជួញដូរសត្វព្រៃទាំងអស់មកចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីបញ្ឈប់ការបរិភោគ ឬជួញដូរសត្វព្រៃ ហើយប្រែក្លាយសកម្មភាពទាំងនោះមកជាការការពារសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់ជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ធម្មជាតិ និងជាប្រយោជន៍ដល់ការការពារប្រព័ន្ធអេកូឡូស៊ីទាំងក្នុងប្រទេសកម្ពុជា និងក្នុងសកលលោក។ ការទប់ស្កាត់ និងការបញ្ឈប់ការជួញដូរនិងការបរិភោគសាច់សត្វព្រៃ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ទន្ទឹមនឹងការពង្រឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន និងដៃគូរក៏បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើនចំណូល បង្កើតមុខរបរ ផ្តល់ជម្រើសថ្មីជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយសំពាធទៅលើធនធានធម្មជាតិ។ ការចួលរួមរបស់គ្រប់មជ្ឈដ្ឋានទាំងអស់មានភាពចាំបាច់ ដើម្បីឈានទៅសម្រេចនូវគោលដៅរួម គឺថែរក្សាសត្វព្រៃនៅក្នុងព្រៃធម្មជាតិ ដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈទេសចរណ៍ធម្មជាតិ ខណៈបន្តចូលរួមការពារប្រព័ន្ធអេកូឡូស៊ីឱ្យបានរឹងមាំ និងអភិរក្សធនធានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ»។
លោក សេង ទៀក បានបន្ថែមថា៖ «ការយល់ដឹងរបស់ អ្នកទិញ អ្នកលក់ អ្នកជួញដូរអំពីហានិភ័យដល់សុខភាព តាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ មានសារៈសំខាន់ណាស់ ដើម្បីអាចឱ្យពូកគេចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការទិញ ការលក់ ការជួញដូរ និងបរិភោគ។
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា៖ «វិធានការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរី មានដូចជា
សេចក្តីណែនាំលេខ៥ បានរួមចំណែកកាត់បន្ថយវត្តមានផលិតផលសត្វព្រៃ និងសាច់សត្វព្រៃនៅតាមផ្សារ និងភោជនីយដ្ឋានក្នុងខេត្ត។ ប៉ុន្តែ តម្រូវការសាច់សត្វព្រៃដែលនៅតែបន្តមាន បានគំរាមកំហែងដល់ជីវិតរបស់សត្វព្រៃ ហើយបង្កើនបទល្មើសសត្វព្រៃបន្ថែមទៀត ក៏ដូចជាអាចបង្កហានិភ័យនៃការអាចចម្លងជំងឺពីសត្វទៅមនុស្ស។ ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ ហើយចូលរួមក្នុងការថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស»។
លោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា៖ «សុខភាពតែមួយមានសារៈសំខាន់សម្រាប់ការពារសុខភាពសាធារណៈពីហានិភ័យនៃការឆ្លងជំងឺពីសត្វទៅមនុស្សទាំងនាពេលបច្ចុប្បន្ន និង ពេលអនាគត»។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីបញ្ចៀសការទិញ ការលក់ ការដឹកជញ្ជូន បរិភោគនិងប្រើប្រាស់ប្រភេទសត្វព្រៃ បង្កឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺពីសត្វទៅមនុស្ស» ពីព្រោះសត្វព្រៃមួយចំនួនជាប្រភពនៃការផ្ទុកមេរោគ ហើយអាចចម្លងទៅមនុស្សបានគ្រប់ពេលតាមរយៈការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយសត្វព្រៃទាំងនោះដែលផ្ទុកមេរោគ»។
អ្នកស្រី Jan Vertefeuille ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃអង្គការ WWF ប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា៖ «ខណៈដែលយើងមិនអាចកំណត់ទុកមុនថា តើនៅពេលណាមានការផ្ទុះឡើងនៃជំងឹឆ្លងពីសត្វទៅមនុស្សនោះទេ យើងអាចធ្វើការអប់រំឥរិយាបថនៃការនិយមសាច់សត្វព្រៃ ដែលវាជាកត្តា ដែលបង្កើនហានិភ័យនៃការចម្លងជំងឺឆ្លងពីសត្វទៅមនុស្ស។ យើងសង្ឃឹមថាអ្នកនិយមបរិភោគសាច់សត្វព្រៃទាំងអស់នឹងចូលរួមជាមួយយើងក្នុងការផ្លាស់ប្តូរឥរិយាបថ ហើយច្រានចោលនូវការបរិភោគសាច់សត្វព្រៃ ដែលសកម្មភាពបែបនេះវានឹងរួមចំណែកបង្កាការផ្ទុះឡើងនៃជំងឺឆ្លងថ្មីៗទៀត»។
លោក អ៊ួ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានគូសបញ្ជាក់ថា៖ «នេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាបន្ទាន់
ក្នុងការរៀបចំ និងអនុវត្តនូវវិធីសាស្ត្រថ្មីដោយភាពឆ្នៃប្រឌិត ដើម្បីដោះស្រាយវិបត្តិដល់ឬសគល់នៃការធ្លាក់ចុះ និងការជួញដូរសត្វព្រៃ ហើយរួមគ្នាអនុវត្តកម្មវិធីស្តារសត្វព្រៃ និងធម្មជាតិឡើងវិញ»។
សូមជម្រាបថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងដៃគូរផ្សេងទៀត នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បានបើកយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនឹងអនុវត្តក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ក្នុងខែតុលា និង ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យុទ្ធនាការនឹងសហការជាមួយភោជនីយដ្ឋានចំនួន ៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តឱ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឱ្យបានទូលំទូលាយ៕