(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា អ្នកដែលធ្លាប់ប្រឡូកផ្ទាល់ និងអ្នករងគ្រោះផ្ទាល់ក្នុងដំណាក់កាលប្រទេសមានសង្គ្រាម ទើបយល់ច្បាស់អំពីតម្លៃនៃសន្តិភាព និងការបង្រួបបង្រួមជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្តវេននាយករដ្ឋមន្ត្រីកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា បានលើកបែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។

ក្នុងពិធីនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកបំផ្លាញសុខសន្តិភាពថា ឱ្យសួរកងទ័ពនៅកងពលលេខ៥៣ ព្រោះកងទ័ពនៅកងពលលេខ៥៣ សុទ្ធតែជាអ្នកវាយគ្នាកាលពីអតីតកាល និងត្រូវបានមករួមរស់ជាមួយគ្នាតាមរយៈនយោបាយឈ្នះ-ឈ្នះ។ អ្នកបន្តវេនរបស់បក្សប្រជាជនកម្ពុជា ដែលមានចំណេះទាំងផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយរូបនេះ បានអះអាងថា ប្រសិនបើគ្មាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះមិនដឹងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ ពិការ រងរបួស ឬមានស្ត្រីមេម៉ាយ ក្មេងកំព្រាប៉ុន្មាននាក់នោះឡើយ។

ក្នុងវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អ្នកដែលធ្លាប់ប្រឡូកផ្ទាល់ និងអ្នកដែលបានរងគ្រោះផ្ទាល់ដោយសារការប្រយុទគ្នាក្នុងដំណាក់កាលដែលប្រទេសមានសង្គ្រាម ទើបស្គាល់និងចងចាំច្បាស់អំពីការឈឺចាប់ដែលបង្កឡើងដោយសារសង្គ្រាម និងយល់ច្បាស់អំពីតម្លៃនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់ហៅអ្នកបបួលគ្នាធ្វើបាប បំផុសបំផុលបំផ្លាញសន្តិភាព ជួបជាមួយទាហានអ្នកច្បាំង។ ជួបជាមួយអតីតយុទ្ធជន អ្នកពិការ ជួបជាមួយគ្រួសារអតីតយុទ្ធជន គ្រួសារពលីដែលស្លាប់លើសមរភូមិ ឱ្យទៅមើលវិមានអនុស្សាវរីយ៍របស់អ្នកស្លាប់លើសមរភូមិតាមខេត្ត ហៅអ្នកនោះឱ្យមកមើលបានដឹង។ ឱ្យចុះកុងត្រាតែម្តង បើអ្នកឯងឱ្យគេប្រយុទ្ធ បើគេវ៉ៃគ្នា អ្នកឯងត្រូវតែមកដឹកមុខ។ ខ្ញុំថាគ្មានហ៊ានមកទេ នៅស្រុកបារាំងណុងហើយ»

នៅក្នុងប្រសាសន៍នេះលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនបានបញ្ចេញចំឈ្មោះជនដែលលោកសម្តៅដល់ជាអ្នកកំសាកបានតែញុះញង់ ហើយខ្វះភាពក្លាហានមកដឹកនាំចលនាដោយផ្ទាល់នោះឡើយ។ តែគេអាចដឹងបានថា ជនកំសាកដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តៅដល់នេះ គឺជាទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ៣ជំនាន់។

នៅក្នុងវីដេអូនេះ លោកបណ្ឌិត បានអរគុណដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនជឿតាមការញុះញង់បំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម។ ជាពិសេសកងទ័ព ដែលបានប្តេជ្ញាចិត្ត សម្រេចិត្តច្បាស់លាស់ ប្រកាន់ជំហរច្បាស់លាស់ក្នុងការការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

កន្លងទៅគេអំពាវនាវសព្វបែបយ៉ាង តែកម្លាំងរបស់យើងប្រកាន់ជំហរច្បាស់លាស់ មិនចូលរួមបំផ្លាញសន្តិភាព។ ផ្ទុយទៅវិញថែមទាំងការពារ ប្រឆាំងនឹងអ្នកបំផ្លាញសន្តិភាព ហើយរួមគ្នាកសាងអភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនថាសង្គ្រាម ឬគ្រោះមហន្តរាយ៕