(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបន្ដផ្សព្វផ្សាយស្តីពី ប្រាក់រៀលជាលើទី៤ ក្នុងខេត្តកំពង់ចាម ដោយទទួលបានការគាំទ្រ និងមានការចូលរួមយ៉ាងច្រើន ពីមហាជនពិសេសយុវជនព្រោះពួកគេយល់ថា ប្រាក់រៀល ជាអត្តសញ្ញាណរបស់ប្រទេសជាតិ ខណៈធនាគារជាតិនៃកម្ពុជា នៅតែបន្ដចុះផ្សព្វផ្សាយស្តីពី ប្រាក់រៀលតាមបណ្ដាខេត្តជាច្រើន ដើម្បីបញ្ជ្រាបចំណេះដឹង និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល ដល់ប្រជាជនកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជា បានបន្ដុចះផ្សព្វផ្សាយស្ដីពីប្រាក់រៀល នៅក្នុងខេត្តកំពង់ចាម ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា និងលោក លី សារ៉ារិទ្ធ អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានអញ្ជើញចូលរួមពីមន្ត្រីរាជការ ម្ចាស់គ្រឹះស្ថានធនាគារ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
នៅក្នុងថ្ងៃចុះផ្សព្វផ្សាយស្ដីពី ប្រាក់រៀល សង្កេតឃើញថា មានយុវជនដែលបានចូលរួម ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីប្រាក់រៀល នេះបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលមានកម្មវិធីតាំងបង្ហាញពីប្រាក់រៀលខ្មែរ និងបានទទួលផលប្រយោជន៍ ពីសារសំខាន់នៃប្រាក់រៀល ហើយពួកគេបានប្ដេជ្ញានឹងបន្ត ចូលរួមគាំទ្រប្រាក់រៀលបន្ថែមទៀត។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា កម្មវិធីនេះប្រារព្ធឡើង ដើម្បីបង្ហាញពីការរួមចំណែក លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល របស់ប្រទេសជាតិទាំងអស់គ្នា ដែលអាចឲ្យប្រជាពលរដ្ឋអាជីវករ យកក្រដាសប្រាក់ចាស់ ទក់ ឬរហែក ប្តូរក្រដាសប្រាក់ថ្មី, រៀបចំទស្សនាពិព័រណ៍ស្តីពីប្រវត្តិប្រាក់រៀល, ឆ្លើយតបសំណួរល្បងប្រាជ្ញាដើម្បីយករង្វាន់ និងទស្សនាការប្រគុំ តន្រ្តីនៅពេលរាត្រីផងដែរ។
លោកស្រីបានបន្ដថា ប្រាក់រៀលបានឆ្លងកាត់ ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ ដោយឧបសគ្គទាំងនោះរួមមាន៖ ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំង និងប្រាក់រៀលធ្លាក់ថ្លៃ, ការអូសបន្លាយនៃសង្រ្គាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀល មិនមានភាពទូលំទូលាយនៅតំបន់មួយចំនួន ជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និងលំហូរចូលនៃប្រាក់ដុល្លារ អាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លា រ អាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។
លោកស្រីបណ្ឌិត ជា សិរី ឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។
យោងតាមលទ្ធផលអង្កេត របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧កន្លងមក ក៏បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ។ ប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយនៅក្នុងជីវភាពរស់នៅមិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។
ដោយឡែកសម្រាប់ខេត្តកំពង់ចាម បើយោងតាមទិន្នន័យអង្កេត ប្រជាពលរដ្ឋចំនួន៧៩% បានប្រើប្រាស់លុយរៀលភាគច្រើន (លើសពី ៨០%) នៅក្នុងចំណាយប្រចាំថ្ងៃរបស់ខ្លួន៕