(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នា ប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំការនៅផ្លូវជាតិលេខ៤១ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃាត់រថយន្ដម៉ាក Prius ពណ៌ប្រផេះមួយគ្រឿង គ្មានផ្លាកលេខ និងឯកសារសម្គាល់នោះ ម្ចាស់រថយន្ដមិនត្រូវបានសមត្ថកិច្ចផាកពិន័យឡើយ គ្រាន់តែធ្វើការអប់រំណែនាំប៉ុណ្ណោះ។

តាមរយៈលិខិតបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ម្ចាស់រថយន្ដបានអះអាងថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខ្លួនបានបើកឡានតាមផ្លូវជាតិលេខ៤១ ត្រូវបាននគរបាលចរាចរណ៍ ឃាត់ និងត្រួតពិនិត្យ ដោយឡានរបស់ខ្លួនអត់ផ្លាកលេខ និងមិនបានយកឯកសារឡានមកជាមួយ។ បន្ទាប់មកបានត្រលប់ទៅផ្ទះ ដោយទុកឡាននៅកន្លែងនគរបាលត្រួតពិនិត្យ ដោយពុំបានផ្តល់ដំណឹងដល់នគរបាលចរាចរណ៍ឡើយ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ទើបខាងនគរបាលចរាចរណ៍ទំនាក់ទំនងមក ឲ្យចូលរួមមកដោះស្រាយ ដោយឲ្យខ្លួនភ្ជាប់ឯកសារឡានមកជាមួយ ដោយពិនិត្យឃើញថា ឡាននេះទើបតែទិញនគរបាលចរាចរណ៍បានណែនាំ ខ្លួនប្រញាប់យកឡានទៅចុះបញ្ជីធ្វើផ្លាកលេខ ដោយគ្មានការផាកពិន័យ និងបង់ប្រាក់អ្វីនោះឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហួ គឹមសាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាប្រធានដឹកនាំរួមក្រុមល្បាតចល័តត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅគោលដៅនេះ បានឲ្យដឹងដែរថា ករណីនេះបានដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយសមត្ថកិច្ចមិនបានធ្វើការផាកពិន័យម្ចាស់រថយន្ដនោះឡើយ ពោលគ្រាន់តែធ្វើការអប់រំណែនាំម្ចាស់រថយន្ដ។ ដោយឡែក រឿងឃាត់ទុករថយន្ដប៉ុន្មានថ្ងៃនោះ គ្រាន់តែយល់ច្រឡំប៉ុណ្ណោះ៕