(ភ្នំពេញ)៖ ដោយរងនូវសម្ពាធទឹកភ្លៀងធ្លាក់ជោកជាំបណ្តាលឱ្យទឹកហូរមិនទាន់នោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បាអំពៅ ក្នុងការដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋដែលរងនូវជំនន់ទឹកភ្លៀងនោះ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារដាក់គ្រឿងចក្រកាយបើកផ្លូវទឹកចេញពីភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ហ៊ត គឹមនី បានឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ លោកដឹកនាំក្រុមការងារដាក់គ្រឿងចក្រកាយបើកបង្ហូរទឹកចេញពីតំបន់លិចលង់ ស្ថិតក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលរងគ្រោះលិចលង់ដោយសារជំនន់ទឹកភ្លៀង។
លោក ហ៊ត គឹមនី បានបញ្ជាក់ថា កន្លងមកនៅតំបន់ផ្សារបឹងព្រលឹត ធ្លាប់តែរងការលិចលង់រាល់ពេលធ្លាក់ភ្លៀងនោះ ដោយសារតែទឹកហូរជន់ពីបឹងមកតំបន់ផ្សារបឹងព្រលិតនាំឱ្យទឹកហូរចូលលូយឺតពេក និងបង្កឱ្យលិចលង់រហូតដល់លោកអភិបាលខណ្ឌច្បារអំពៅ ដាក់គ្រឿងចក្ររួមនឹងកម្លាំងអាជ្ញាធរដោយមានការស្ម័គ្រចិត្តពីប្រជាពលរដ្ឋក្នុងភូមិរួមគ្នាលើកទំនប់ទប់មិនឱ្យទឹកហូរចូលផ្ទះផងដែរ។
ទាក់ទិនទៅនឹងសកម្មភាពដាក់គ្រឿងចក្រកាយប្រឡាយបង្ហូរទឹកចេញពីតំបន់សង្កាត់និរោធ និងសង្កាត់ព្រែកប្រា ប្រជាពលរដ្ឋរស់នៅតំបន់ផ្សារនេះបានសម្ដែងការអរគុណដល់អាជ្ញាធរថ្នាក់ខណ្ឌ និងសង្កាត់ព្រែកប្រា ដែលបានប្រើប្រាស់កម្លាំងលើកទំនប់ទឹកដោយចំណាយពេលទាំងយប់ទាំងថ្ងៃ រហូតដល់លើកទំនប់ទឹកបានដោយជោគជ័យ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរខណ្ឌច្បារអំពៅបានសាងសង់ប្រព័ន្ធលូ១ខ្សែ ប្រវែង៦០០ម៉ែត្រ មុខកាត់៦តឹក ដើម្បីជួយបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រារួចហើយ៕