(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តអង្គរតូចខាងត្បូង ខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ ដោយប្រមូលបច្ច័យបានជាង១៣៦លានរៀល។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា កឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមួយដែលបានកំណត់ពេលវេលាច្បាស់លាស់ ហើយរយៈពេលនៃការរៀបចំធ្វើអង្គកឋិនទាន អាចធ្វើបានតែ១ខែគត់ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយក៏ប្រារព្ធបានតែម្តងក្នុងមួយឆ្នាំ។ ផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដី បព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើផង ប្រកបដោយសទ្ធា និងបញ្ញាសម្បយុត្តផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែបផងដែរ។

លោកស្រីបន្ថែមថា ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ វិស័យពុទ្ធសាសនា បានរស់រានឡើងវិញរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយធានាបាននូវស្ថិរភាពនយោបាយពន្លត់សង្រ្គាមរ៉ាំរ៉ៃ បានទាំងស្រុងនៅកម្ពុជា។

លោកស្រី ឃួន ឃុនឌី បានបន្តទៀតថា វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គមខ្មែរជាទីកន្លែងអប់រំ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដើម្បីជាការចូលរួមលើកស្ទួយ វិស័យពុទ្ធចក្រ និងអាណាចក្រ។ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលបន្តកេរ្តិ៍ដំណែល តាំងពីបុរាណកាលមកទុកសម្រាប់កូនចៅជំនាន់ក្រោយតរៀងមក ដល់ពេលបច្ចុប្បន្ន និងចង់បង្ហាញពីវប្បធម៌ ប្រពៃណីរបស់ខ្មែរតាំងពីជាយូរយារ ហើយនេះជាកម្លាំងសាមគ្គីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ៕