(ស្ទឹងត្រែង)៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ គ្រួសាកងទ័ព នគរបាល កងរាជអាវុធហត្ថ និងយោធិនចូលនិវត្តន៍ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការចូលរួមពី លោក ផៃ ប៊ុន ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្ត យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ស្រុកសៀមប៉ាងជាច្រើនរូប។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី​ ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង និងលោក ផៃ ប៊ុនឈឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលសកម្មភាពមនុស្សធម៌នេះ បានជួយសម្រាលដល់ការចំណាយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព។ លោកអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលចុះពិនិត្យព្យាបាលជូនដល់ប្រជាពលរដ្ឋដោយគិតថ្លៃនៅថ្ងៃនេះ៕