(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចនៅអាប៊ូដាប៊ីអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមពីពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រទេសទាំងពីរ។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម និងសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មអេមីរ៉ាត អារ៉ាប់រួមរៀបចំវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃប្រទេសទាំងពីរ និងក្រុមហ៊ុនសរុបជាង៧០ក្រុមហ៊ុន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ដោយលើកយកកាលានុវត្តភាព ធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច និង វិស័យសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម
វិនិយោគកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឌីជីថលសហគ្រាសធុនតូចនិងមធ្យម និងពិនិត្យលទ្ធភាពសហការលើគម្រោងរួមរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
វេទិកាធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម៕
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនមួយចំនួននៅអាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួម។៕