(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ បន្តចុះសំណេះសំណាល នាំយកស្រូវពូជ ជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១៥៩,១៥០គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវ ចែកជូនប្រជាកសិករប្រមាណ២០៨០គ្រួសារ នៅឃុំចំនួន១០ រួមមាន ឃុំទ្រា ព្រែកអាជី ក្រូចឆ្មារ ជំនីក រកាខ្នុរ កំពង់ទ្រាស ឈូក ប៉ើស១ ស្វាយឃ្លាំង និងឃុំប៉ើស២ ក្នុងស្រុកក្រូចឆ្មារ ដែលបានធ្វើការចែកនៅ០៣ទីតាំងផ្សេងគ្នា។

នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ស្រូវពូជទាំងអស់នេះ ត្រូវបានដឹកជញ្ជូនមកដល់ភ្លាម រដ្ឋបាលខេត្តបាននាំយកចែកជូនបងប្អូនភ្លែតតែម្តង ដើម្បីឲ្យបានទាន់រដូវកាលដាំដុះស្តារឡើងវិញ។

លោកបណ្ឌិតអភិបាលខេត្ត គូសបញ្ជាក់ថា កន្លងមកការជួបជុំគ្នាតែងជាព្រឹត្តិការណ៍សប្បាយរីករាយ តែការជួបគ្នាពេលនេះ ជារឿងមួយផ្សេង ដោយសារបងប្អូនជួបការលំបាកខូចខាតដំណាំស្រូវ ហើយខ្វះពូជស្រូវដាំស្តារឡើងវិញ។ តែការលំបាកនេះ ក៏ជាការលំបាករបស់រាជរដ្ឋាភិបាលទើបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្តល់ពូជស្រូវអន្តរាគមន៍សង្គ្រោះបន្ទាន់ នាពេលនេះ។

លោកបណ្ឌិត អភិបាលខេត្តបន្តថា «ជាក់ស្ដែងថ្ងៃនេះ សម្ដេចតេជោបានបញ្ជូនក្រុមការងារចម្រុះ ថ្នាក់ខេត្តចុះសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវសែនក្រអូប និងពូជស្រូវ OM មកចែកជូនប្រជាកសិកររងការខូចខាត ដោយគ្រោះទឹកជំនន់ នៅភូមិសាសន៍ខេត្តត្បូងឃ្មុំ ដើម្បីឲ្យបងប្អូនកសិករយកទៅស្ដារឡើងវិញឲ្យបានទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោបានបញ្ជាឲ្យក្រសួងកសិកម្ម ចុះមកបង្រៀនបច្ចេកទេស ដាំដុះនូវប្រភេទពូជស្រូវនេះជូនប្រជាកសិករ ដើម្បីឲ្យប្រជាកសិករយើងទទួលបានទិន្នផលខ្ពស់មួយកម្រិតទៀត»។

លោកបណ្ឌិតបន្ថែមថា បើទោះបីការដោះស្រាយជូននេះមិនច្រើនពិតមែន តែនៅពេលប្រមូលផលវិញ វានឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបាន។ ចុងក្រោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត-ស្រុក ជាពិសេសក្រុមប្រឹក្សា-មេឃុំ មេភូមិ ដែលតែងតែបានយកចិត្តទុកដាក់ចុះដល់មូលដ្ឋានដេីម្បីជួយដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេមេគង្គ និង ទឹកភ្លៀង បានទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឲ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រង់ចាំវត្តមានសម្តេចនោះទេ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យគ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្ដមានរបស់ខ្ញុំ ចាប់ផ្ដើមទទួលបានអង្ករ ទទួលបានលុយហើយ នាំធ្វើទៅ ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងគិតថាធម្មតានូវបញ្ហាទឹកជំនន់ ប៉ុន្ដែដោយសារទឹកវាស្រកយឺត ដល់តែទឹកស្រកយឺត វាធ្វើឲ្យខូតស្រូវ និងដំណាំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវស្ដារឡើងវិញ និងការខ្វះខាតស្បៀង ក៏ត្រូវខិតខំដោះស្រាយជាមួយគ្នាផងដែរ៕