(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ជាង៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ, ថវិកាបរិច្ចាគដែលមូលនិធិទទួលបានមានចំនួនសរុប ៨២៣ ៩៤៩ ដុល្លារអាមេរិក និង ១ ៦៥៥ ០២៤ ៨០០ រៀល គិតរួមទាំងថវិកាដែលសប្បុរសជនបានបរិច្ចាគ ដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬគន្ធបុប្ផាសៀមរាប) ចំនួន ៤២៩ ៣០៩ ដុល្លារអាមេរិក»

ថវិកាទាំងនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជន ៣៦ ៦១៧ រូប ដែលរួមមានសមាជិកកិត្តិយស ៨ រូប, សមាជិកគាំទ្រ ៣០ ៧០៥ រូប, សប្បុរសជនផ្សេងៗ ៥ ៨៩៥ រូប, និងព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួនផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពនៃការពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន, សប្បុរសជននៅតាមស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB និង ភ្នាក់ងារ True Money ឬ តាមរយៈការធ្វើការទំនាក់ទំនងលេខទូរសព្ទ ០៦១ ៧០ ១១១១។

សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»