(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ដីដែលបានចែកជូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្ករ នៅតំបន់រុនតាឯក និងពាក់ស្នែង ខេត្ដសៀមរាប មិនមែនជាដីសង្គមកិច្ចនោះទេ ពោលជាដីកម្មសិទ្ធិប្លង់រឹងរបស់ប្រជាពលរដ្ឋតែម្ដង។

ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើដីសង្គមកិច្ច ប្រជាពលរដ្ឋត្រូវរស់នៅលើដីនោះចាប់ពី៥ឆ្នាំឡើង ទើបអាចស្នើសុំប័ណ្ណកម្មសិទ្ធិប្លង់រឹងបាន ប៉ុន្ដែដីនេះ គឺរដ្ឋចេញប័ណ្ណកម្មសិទ្ធិឲ្យភ្លាមតែម្ដង មិនរង់ចាំយូរឡើយ ខណៈការងារនេះ សម្ដេចប្រើប្រាស់ពេល១ខែដើម្បីពិចារណា។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រេចផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភ្លាមនេះ គឺជាការសម្រួលដល់ពលរដ្ឋខ្លួនឯង ក្នុងការខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីមានទន់ក្នុងការប្រកបរបរចិញ្ចឹមជីវីត ព្រោះក្នុងករណីមិនមានទ្រព្យដាក់បញ្ចាំទេនោះ ម្ល៉េះប្រហែលធនាគារ ឬមីក្រូហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យខ្ចីលុយនោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដីដែលមកកន្លែងនេះ មិនមែនជាដីសង្គមកិច្ចទេ ពេលដែលបងប្អូនមកនៅទីនេះ គឺចេញប័ណ្ណកម្មសិទ្ធិឲ្យតែម្ដង។ ខ្ញុំប្រើប្រាស់ការពិចារណាអំពីបញ្ហានេះអស់រយៈពេលជាង១ខែ ខ្ញុំគិតថាប្រសិនបើជាយើងប្រើប្រាស់ពាក្យ ដីសង្គមកិច្ច គឺត្រូវប្រើពេល៥ឆ្នាំទៀត ទើបបានកម្មសិទ្ធិ ក្នុងពេលដែលខ្ញុំកំពុងតែអំពាវនាវឲ្យមីក្រូហិរញ្ញវត្ថុគេផ្ដល់ឥណទាន យើងអាចខ្ចីលុយគេ ចុះបើទៅខ្ចីលុយគេបើមិនមានអីដាក់បញ្ចាំ ធ្វើម្ដេចបានគេព្រម បើអញ្ចឹងយើងត្រូវផ្ដល់កម្មសិទ្ធិឲ្យ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ការផ្ដល់ប័ណ្ណកម្មសិទ្ធិប្លង់រឹងជូននេះ សម្រាប់តែប្រជាពលរដ្ឋដែលព្រមមករស់នៅទីតាំងថ្មី នៃតំបន់រុនតាឯក និងពាក់ស្នែងតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់អង្គរ គឺមិនទទួលបានប្លង់កម្មសិទ្ធិមុននោះទេ ដូច្នេះសូមកុំមានការយល់ច្រឡំ។

គួរជម្រាបថា ក្រៅពីការផ្ដល់ប័ណ្ណកម្មសិទ្ធិប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងនេះ, សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ជូននូវប័ណ្ណសមធម៌ ប្រភេទក្រ១ ជូនគ្រប់ក្រុមគ្រួសារផងដែរ ដែលពលរដ្ឋនឹងទទួលបានការឧបត្ថម្ភថវិកាប្រចាំខែពីរាជរដ្ឋាភិបាល៕