(កំពង់ឆ្នាំង)៖ វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនៃគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនៃខេត្តកំពង់ឆ្នាំង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានចលនាភូមិមួយផលិតផលមួយ និងលោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមាន ការចូលរួមពីសំណាក់ អង្គការ សមាគម អាជីវករ និងអ្នកផលិតក្នុងស្រុក ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។

លោក ស្រ៊ន សំឫទ្ធី បានឱ្យដឹងថា វេទិកាដែលបានរៀបចំនាពេលនេះគឺពិតជាមានសារ:សំខាន់ ដែលបានផ្តល់ឱកាសដល់អ្នកផលិត អ្នកល ក់ និងអ្នកទិញ បានជួបពិភាក្សាគ្នា អំពីតម្រូវការជាក់ស្តែងនៅក្នុងកិច្ចការងារប្រចាំថ្ងៃ ក្នុងការផ្តល់ផ្គត់ផ្គង់សេវាកម្ម របស់ខ្លួនជូនដល់អតិថិជន។ ដើម្បីបំពេញនូវចំណុចខ្វះខាត ដោយធានាឱ្យសង្វាក់ផលិតកម្ម បានដំណើរការដោយរលូនទំនាក់ទំនងល្អពីមួយទៅមួយ។

ក្នុងពិធីនោះដែរ លោកបណ្ឌិត សួង ណយ បានថ្លែងថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតអ្នកលក់ និងអ្នកទិញ ដើម្បីចង់បង្ហាញថាតើនៅក្នុងខេត្តកំពង់ឆ្នាំង ផលិតផលរបស់អាជីវកម្ម សិប្បកម្មឧស្សាហកម្មផ្សេងៗ ថាតើផលិតបានអ្វីខ្លះ ដែលជាផលិតផលក្នុងស្រុក ដើម្បីបង្ហាញទៅដល់អ្នកទិញ ហើយសម្រាប់តម្រូវការរវាងអ្នកទិញថា តើអ្នកទិញណាខ្លះដែលត្រូវការដូចជា ភោជនីយដ្ឋាន រមណីយដ្ឋាន រង្គសាល ខារ៉ាអូខេ ផ្សារម៉ាត ឬក៏ផ្សារទំនើប សណ្ឋាគារផ្សេងៗ ដូច្នេះការផ្គូផ្គងគ្នានេះឡើង គឺដើម្បីឱ្យអ្នកលក់ និងអ្នកទិញបានយល់គ្នាកាន់តែច្បាស់ងាយស្រួលក្នុងការបញ្ជារទិញ។

ម្យ៉ាងទៀតឱ្យមានការសាមគ្គីគ្នាឯការលក់ដូរឈរលើគោលការណ៍សុច្ចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារ តម្លៃទីផ្សារ ហើយក៏ទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាពមន្ទីរ ស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជាពង្រឹងគុណភាព សមត្ថភាពពាណិជ្ជកម្ម និងការស្វែងរកដៃគូ ព្រមទាំងទីផ្សារ ដើម្បីផលិតតាមតម្រូវការទីផ្សាររបស់អ្នកបញ្ជារទិញ តើចង់ បានផលិតផលបែបណា ស្តង់ដារបែបណា ដូច្នេះអ្នកលក់ និងអ្នកទិញអាចចចារគ្នាបាន។

លោកបានបញ្ជាក់ទៀតថា កន្លងមក អ្នកលក់តែងតែលើកឡើងថា ផលិតផលដែលធ្វើបានគ្មានទីផ្សារ ចំណែកឯអ្នកទិញ បានលើកឡើងថា គ្មានផលិតផលសម្រាប់ទិញ ឬផលិតផលគ្មានស្តង់ដា និងគ្មានគុណភាពជាដើម ដែលកត្តាទាំងនេះពុំបានផ្តល់នូវទំនុកចិត្តពីគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់ និងសុច្ចរិតភាព ហេតុនេះទើបបង្កើតនូវកម្មវិធីនេះឡើងដើម្បីស្វែងយល់អំពីចំណុចខ្វះខាតរវាងអ្នកផលិតនិងអ្នកទិញ ហើយធ្វើការកែតម្រូវប្រកបទៅដោយស្តង់ដា និងមានសុចរិតភាពដើម្បីជាទំនុកចិត្តរវាងអ្នកទិញនិងអ្នកលក់។

ដោយឡែក ម្ចាស់សហគមន៍ និងអ្នកលក់ អ្នកទិញ ដែលបានចូលរួមក្នុងវេទិការនេះ បានបង្ហាញពីការយល់ឃើញថា វេទិកានេះពិតជាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដោយពួកគាត់បានបង្ហាញអំពីផលិតផល សក្តានុពលរបស់គាត់ទៅអតិថិជន គោលដៅរបស់ពួកគាត់ និងបានព័ត៌មានត្រឡប់មកវិញអំពីភាពអវិជ្ជមាននៃផលិតផលរួចធ្វើការកែតម្រូវតាម ទីផ្សារ ដោយវេទិកានេះបាននាំពួកគាត់បានស្គាល់កាន់តែច្បាស់អំពីការផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារតាមតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់អាជី វកម្មដែលជាអតិជនគោលដៅពិសេសធ្វើយ៉ាងណាដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនជាអ្មកទិញ។

នាឱកាសនោះសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង ជាអ្នកផលិតនូវផលិតផលកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ជាផលិតផលសម្រេចក្នុងស្រុក ស្នើសុំដល់អតិថិជន មេត្តាបន្តជួយគាំទ្រ និងជួយទិញនូវផលិតផលដែលផលិតនៅ ក្នុងស្រុក ដើម្បីជួយលើកស្ទួយ និងថែរក្សានូវផលិតផលដែលជាអត្តសញ្ញាណជាតិរបស់យើង ហើយក៏ជាការលើក ទឹកចិត្តដល់អ្នកផលិតជាការចូលរួមថែរក្សានូវផលិតផលសម្រេចក្នុងស្រុកកុំអោយបាត់បង់៕