(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត ប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ។
អង្គកឋិនដែលផ្តួចផ្តើមឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងអស់លោក លោកស្រី ក្នុងគណៈអភិបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរដែនដីសង្កាត់ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ព្រមទាំងពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយបានជួបជុំគ្នា ក្នុងបរិវេណសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីក្រុងពាលី និងធ្វើបទនមស្ការព្រះរតនៈត្រៃយ៍ សមាទានសិល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៏ទេសនា ព្រមទាំងបានចាប់មគ្គផល ទៅតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណខន្ធ័បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ។
បុណ្យកឋិនទានជាបុណ្យ ដែលមានកាលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញធ្វើបាននោះទេ ក្នុងន័យប្រគេនស្បង់ចិវរដល់ព្រះសង្ឃ រួមទាំងទ័យវត្ថុ ដែលជាតម្រូវការចាំបាច់ សំរាប់ព្រះសង្ឃក្នុងឱកាសកាន់ ព្រះវស្សារយៈពេល៣ខែ។
តាមពុទ្ធានុញ្ញាតិ ការធ្វើបុណ្យកឋិនទាន គឺព្រះសង្ឃដែលទទួលក្រាលគ្រង និងពុទ្ធបរិសទ្ធ័ អ្នកផ្តើមធ្វើបុណ្យកឋិន គឺបានអានិសង្ឃ៥យ៉ាងដូចគ្នាគឺ៖ប្រាជ្ញាឆ្លាតវៃ, ពណ៌សម្បុរ ល្អ, ទ្រង់ទ្រាយល្អ, ក្លាយជាស្តេចចក្រពត្តិគ្រប់ៗជាតិ និងបានជួបសម្បត្តិ ៤ គឺ៖សម្បត្តិមនុស្ស, សម្បត្តិទេវតា, សម្បត្តិព្រហ្ម និងសម្បត្តិព្រះនិពាន្វ តាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ក្នុងមួយវត្តអាចដង្ហែរអង្គកឋិនទានចូលវត្តបានតែម្តងគត់ក្នុងមួយរដូវ ដែលជាការជួយសម្រួលដល់ព្រះសង្ឃ ដែលជួបការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក្នុងរដូវវស្សាផងដែរ។
សូមបញ្ជាក់ថា វត្តប្រសិទ្ធីរីម្មារាម ជាវត្តដែលទើបបង្កើត ថ្មីដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោក ឃួង ស្រេង និងលោកស្រី ក្នុងការកកសាងទីសេនាសនៈ ក៏ដូចហេដ្ឋារចនាសម្ពន្ធ័ក្នុងវត្ត ក៏ដូចបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញផងដែរ។ កឋិនទានក៏ជាការជួបជុំពុទ្ធបរិស័ទ ញាត្តិ មិត្តបងប្អូនបង្កើនសាមគ្គីភាព ក្នុងការធ្វើបុណ្យទាន និងជាការរួមចំណែក លើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង ថែមទៀត។
សូមជំរាបថា បច្ច័យដែលប្រមូលបានពីកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមានជាង១៤ម៉ឺនដុល្លារសំរាប់យកទៅកសាងព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តប្រសិទ្ធីរីម្មារាម នាពេលនេះផងដែរ៕