(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្តេចនឹងនៅតែបន្តអភិវឌ្ឍ និងការពារប្រទេសកម្ពុជា​ ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយចាកចេញពីតំណែងនៅពេលខាងមុន។

ការបញ្ជាក់នេះបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ។

មុននឹងលើកឡើងបែបនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលគ្មានទីពឹងអាស្រ័យ ដែលគោលនយោបាយនេះ នឹងអនុវត្តរហូតក្នុងពេលគណបក្សប្រជាជនកាន់អំណាច ទោះបីជាសម្តេចចាកចេញពីតំណែង ហើយយុវជនបន្តវេនឡើងមកដឹកនាំប្រទេសក៏ដោយ។

សម្តេចបានបញ្ជាក់ថា សម្តេចអាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀតបាន ប៉ុន្តែសម្តេចមិនចង់នោះទេ ហើយក៏មិនមែនឈប់នៅថ្ងៃនេះ ឬថ្ងៃស្អែក។ បើសម្តេចចាកចេញពីតំណែង ក៏គង់តែមានអ្នកបន្តវេនគាត់អនុវត្ត។

សម្តេចបញ្ជាក់ថា «បើទោះបីជាគោលនយោបាយនេះ វាមិនអនុវត្តនៅក្នុងអាណត្តិរបស់ខ្ញុំ...ខ្ញុំអាច គឺអាចធ្វើជានាយករដ្ឋមន្ត្រី១០ឆ្នាំទៀតបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទេ តែក៏មិនមែនឈប់ថ្ងៃហ្នឹង ឬថ្ងៃស្អែកដែរ ហើយបើខ្ញុំចាកចេញ ក៏គង់មានអ្នកបន្តវេនបន្តអនុវត្ត ឯខ្ញុំក៏នៅតែជាមេដឹកនាំដ៏សំខាន់ដែល គ្រប់គ្រងខាងនយោបាយ ទៅលើការអភិវឌ្ឍប្រទេសជាតិ ការពារប្រទេសជាតិ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច»

សម្តេចសង្ឃឹមថា ឆ្នាំ២០២៣ គណបក្សប្រជាជន នឹងឈ្នះឆ្នោតបន្តទៀត ហើយសង្ឃឹមថា ប្រជាពលរដ្ឋនៅទីនេះនឹងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស៕