(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ១៣៣ពាន់លានរៀល សម្រាប់ប្រើប្រាស់ក្នុងការឧបត្ថម្ភដល់កម្មការិនីដែលសម្រាកកូន ចំនួន៣៣,៧២២នាក់។

ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រាន់តែរយៈពេល១០ខែ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកាអស់១៧ពាន់លានរៀល ក្នុងការឧបត្ថម្ភដល់កម្មការិនី ចំនួន៤២,៦០៨នាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានកម្មការិនីឆ្លងទន្លេ ចំនួន៤២,៦០៨នាក់ កូនចំនួន៤២,៩២២នាក់ យើងបានប្រើប្រាស់លុយអស់១៧ពាន់លានរៀល ជាការធានាសង្គមសម្រាប់កម្មការិនីឆ្លងទន្លេ។ ហើយបើគិតពីពេលយើងចាប់ផ្ដើមអនុវត្ត ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្មការិនីឆ្លងទន្លេ មានចំនួន៣៣,៧២២នាក់ បានសម្រាលកូនអស់ទឹកប្រាក់ចំនួន១៣៣ពាន់លានរៀល។ នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីសម្រាលការលំបាកចំពោះអ្នកដែលមានផ្ទៃពោះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ក្រៅពីការឧបត្ថម្ភសម្រាលការលំបាករបស់កម្មការិនីដែលឆ្លងទន្លេនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានឧបត្ថម្ភដល់ស្ដ្រីមានផ្ទៃពោះមានជីវភាពលំបាក ដែលជាការគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។ ការឧបត្ថម្ភនេះទៀតសោត គឺធ្វើឡើងចំនួន៤ដង មុនពេលសម្រាល ពោលចាប់តាំងពីពិនិត្យឃើញមានផ្ទៃពោះតែម្ដង ហើយក្រោយសម្រាលរួច ត្រូវឧបត្ថម្ភចំនួន១០ដងបន្ថែមទៀត។

គួរជម្រាបថា ទាំងអស់នេះជាចំណែកមួយក្នុងគោលនយោបាយជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋដែលមានបញ្ហាជីវភាព។ អ្វីដែលរាជរដ្ឋាភិបាលអនុវត្តកន្លងមកនេះ គឺការផ្ដល់ប័ណ្ណសមធម៌ប្រភេទក្រ១ និងក្រ២ ជូនដល់ប្រជាពលរដ្ឋផងដែរ ដើម្បីសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ហើយពួកគាត់នឹងទទួលបានការឧបត្ថម្ភប្រាក់ជារៀងរាល់ខែ។

ដោយឡែក សម្រាប់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩កន្លង រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រើប្រាស់អនុវត្តវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ គិតចាប់ពីឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២២ ស្ត្រីមានផ្ទៃពោះ និងកុមារមានប្រមាណ ២៧៧,០៨០នាក់ និងចំណាយថវិការដ្ឋសរុប ៧៦,៨៩៦,៣២០,០០០រៀល ស្មើនឹងប្រមាណ ១៩.២២លានដុល្លារផងដែរ៕