(សៀមរាប)៖ ទឹកចិត្តមហាសាលនៃការស្រឡាញ់ចំពោះកូនកំពុងមានជំងឺជាទម្ងន់នោះ បានជំរុញទឹកចិត្តស្ត្រីម្នាក់ឱ្យក្លាហាន បីកូនរត់ឆ្ពោះទៅរកសម្តេចតេជោ ហ៊ុន សែន សុំក្តីអនុគ្រោះជួយសង្គ្រោះជីវិតកូនរបស់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងក្នុងពិធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ។

អ្នកស្រី នួន និរតី ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះដែរ។ អ្នកស្រី បានបីកូនស្រីវ័យ៩ឆ្នាំនៅនឹងដៃ ក្នុងសភាពសន្លប់ស្តូកស្តឹងដោយសារឥទ្ធិពលជំងឺ។

បន្ទាប់ពីសម្តេចតេជោបញ្ចប់កិច្ចសំណេះសំណាលចុះពីលើវេទិកាចាកចេញពីកម្មវិធី អ្នកស្រី​ នួន និរតី បីកូនមានជំងឺរត់សំដៅទៅរកសម្តេចតេជោ សុំការជួយសង្គ្រោះជីវិតកូនស្រី។

សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអ្នកស្រី រៀបរាប់ពីស្ថានភាពជំងឺរបស់កូន ហើយក៏កើតក្តីអាណិតអាសូរជាខ្លាំងចំពោះកុមារី និងស្ត្រីជាម្តាយ។ ភ្លាមៗនោះ សម្តេចតេជោ បានឧបត្ថម្ភថវិកាប្រមាណ ៣ពាន់ដុល្លារ និង២លានរៀល ជូនអ្នកស្រី នួន និរតី សម្រាប់ដោះស្រាយការលំបាកក្នុងជីវភាព។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានអមដំណើរសម្តេចដែរនោះ ឱ្យចាត់ចែងការព្យាបាលជូនកុមារីរូបនេះ ហើយសម្តេចរ៉ាប់រងរាល់ថ្លៃព្យាបាល។

ក្តីសណ្តោសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យអ្នកស្រី នួន និរតី ក្តុកក្តួលរំជួលចិត្ត និងរំភើបរហូតស្រក់ទឹកភ្នែក។ អ្នកស្រី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះក្តីសណ្តោសរបស់សម្តេចតេជោ ហ៊ុន សែន ជាក្តីសណ្តោសដ៏ធំធេងបំផុតសម្រាប់ជីវិតកូនស្រីរបស់អ្នកស្រី។

បន្ទាប់ពីទទួលបានការណែនាំរបស់សម្តេចតេជោហើយនោះ លោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកុមារីរូបនេះ បាននិងកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតហើយ។

លោកស្រី យក់ សម្បត្តិ បានប្រាប់ Fresh News ថា កុមារី ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ មានជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។

ដោយយោងតាមការបញ្ជាក់របស់ម្តាយកុមារីរូបនេះ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា កុមារីរូបនេះ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ លុះកុមារីរូបនេះ មានអាយុប្រមាណ ២ឆ្នាំ ម្តាយធ្លាប់បានយកទៅទទួលសេវាព្យាបាលនៅកុមារអង្គរផងដែរ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕