(មណ្ឌលគិរី)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល១៨ខែ សម្រាប់ឆ្នាំ២០២១-២០២២ មន្ត្រីជំនាញបានបង្រ្កាបការជួញដូរសាច់សត្វព្រៃ នៅខេត្តមណ្ដលគិរី ចំនួន ១,៣៥៣គីឡូក្រាម។

ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្រ្តា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃមនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «រយៈពេល១៨ខែ ក្នុងឆ្នាំ២០២២១ ដល់ឆ្នាំ២០២២ ពោលគឺ១២ខែ ក្នុងឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរបានបង្រ្កាប ការជួញដូរសត្វព្រៃរហូតដល់ ១,៣៥៣គីឡូក្រាម នៅខេត្តមណ្ឌលគិរី។ ដោយឡែកក្នុងរយៈពេល៦កន្លងមកនៅខេត្តមណ្ឌលគិរី ក៏បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន ២៣៥គីឡូក្រាមផងដែរ»

លោក នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា៖ «បើរាប់ចំនួននៃការបង្រ្កាប និងទប់ស្កាត់អាជ្ញាធរពាក់ព័ន្ធមានសកម្មភាពខ្លាំងក្លាជាងមុន។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមអនុវត្តនៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូរបានដាក់ឱ្យអនុវត្តកន្លងមក»

នៅក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ សូមកុំចូលព្រៃសម្លាប់សត្វព្រៃត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះខុសច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។

រដ្ឋលេខាធិការបានលើកឡើងយ៉ាងដូច្នេះថា៖ «កន្លងមក អ្នកដែលបង្ហោះការសម្លាប់សត្វព្រៃត្រូវបានរិះគន់ និងស្អប់ខ្ពើប ហើយអ្នកទាំងនោះមួយចំនួនបានភ្ញាក់ខ្លួន ដឹងកំហុស ហើយប្តេជ្ញាបញ្ឈប់ធ្វើសកម្មភាពបែបនេះបន្តទៀត»

បន្ថែមពីនេះលោកបានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាបានយល់កាន់តែច្បាស់អំពីកិច្ចការពារសត្វព្រៃ បានស្គាល់ពីតម្លៃសត្វព្រៃ ហើយស្គាល់ពីតម្លៃសត្វព្រៃក្នុងការទាក់ទាញវិស័យទេសចរណ៍ ដែលផ្តល់នូវចំណូលដល់សហគមន៍ និងពលរដ្ឋកម្ពុជាមិនចេះរីងស្ងួត។

បើតាមលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អាជ្ញាធរបានទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃយ៉ាងខ្លាំងក្លា ដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស។ មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេ ថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លាស្ទើរគ្រប់កន្លែងទៀតផង។

គួរបញ្ជាក់ថា យុទ្ធនាការជួញដូរសត្វព្រៃ គឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាន និងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមក។

ក្រសួងបរិស្ថាន និងដៃគូទាំងអស់ ក៏កំពុងសហការគ្នាដើម្បីស្វែងរកវិធីសាស្ត្រ ក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍ មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់ និងលក់ដូរមួយចំនួនផងដែរនោះ។ កិច្ចសហការនេះ ក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត៕