(សៀមរាប)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា វាជារឿងលំបាករកណាស់លើពិភពលោកនេះ ដែលគណបក្សនយោបាយមួយអាចរស់នៅជួបជុំគ្នាបានជិតកន្លះសវត្សរ៍ ដូចជាគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «មានបញ្ញាវ័ន្តវ័យក្មេងជាច្រើនបាននៅជាមួយខ្ញុំតាំងពីអើយមកជាមួយគ្នា ដែលបន្តដំណើរមកជាមួយគ្នា វាលំបាកនឹងរកណាស់នៅលើពិភពលោកនេះ ដែលគណបក្សនយោបាយមួយ រស់នៅជាមួយគ្នារហូតជិតកន្លះសវត្សរ៍ហើយមិនទៅណាចោលគ្នានោះ បក្សដ៏ទៃអត់ទេឱ្យតែចូលមកត្រឹមតែ ៣ឆ្នាំ គឺបែកព្រាត់ប្រាស់គ្នាអស់ហើយ ប៉ុន្តែគណបក្សប្រជាជនអត់ទេនៅជាមួយគ្នាកន្លះសវត្សរ៍ »។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា មានអ្នកខ្លះនៅជាមួយសម្តេចជាងកន្លះសវត្សរ៍មកហើយ បើរាប់តាំងពីឆ្នាំ១៩៧០មក ហើយក៏មានអ្នកខ្លះទៀតរស់នៅជាមួយសម្តេចលើសពី ៤០ឆ្នាំមកហើយ ដែលជិតកន្លះសវត្សរ៍ដែរហើយ គឺគ្មានគណបក្សនយោបាយណាមួយ ដែលមានរបៀបរស់នៅជាមួយគណបក្សប្រជាជន ដែលនៅរស់នៅបានជុំគ្នាដូចនេះទេ។
ស្របជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានគុសបញ្ជាក់ដែរថា «សម្រាប់គណបក្សដ៏ទៃពេលនៅជាមួយគ្នា គឺដឹងតែឈ្លោះគ្នាហើយសូម្បីតែឈរឈ្មោះនឹងគឺដណ្តើមគ្នាណាស់ ដណ្តើមយកលេខ១ លេខ២ ពេញនឹង ទាស់គ្នាពេញទឹកពេញដី តែសម្រាប់គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់បែបនេះនោះទេ»។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៣ឆ្នាំក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើន៕