(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឲ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រង់ចាំវត្តមានសម្តេចនោះទេ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យគ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្ដមានរបស់ខ្ញុំ ចាប់ផ្ដើមទទួលបានអង្ករ ទទួលបានលុយហើយ នាំធ្វើទៅ ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងគិតថាធម្មតា នូវបញ្ហាទឹកជំនន់ ប៉ុន្ដែដោយសារទឹកវាស្រកយឺត ដល់តែទឹកស្រកយឺត វាធ្វើឲ្យខូតស្រូវ និងដំណាំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវស្ដារឡើងវិញ និងការខ្វះខាតស្បៀង ក៏ត្រូវខិតខំដោះស្រាយ ជាមួយគ្នាផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចែកពូជស្រូវ និងស្បៀងដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភជាថវិកា ដល់បងប្អូនប្រជាពលរដ្ឋជាជនពិការ ដែលបានចូលរួមក្នុងកម្មវិធី ចំនួន១៣នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១លានរៀល សរុបទាំងអស់១៣លានរៀល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រៀងរាល់កម្មវិធីរបស់សម្ដេច គឺសម្ដេចតែងតែឧបត្ថម្ភជាថវិកា ដល់បងប្អូនប្រជាពលរដ្ឋជាជនពិការ ចំនួន១លានរៀល ក្នុងម្នាក់ៗ។
សូមរំលឹកថា ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ ពីគ្រោះទឹកជំនន់ប្រមាណ១៨ភាគរយ ស្មើនឹងប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាប្រមាណជាង៣៧ម៉ឺនដុល្លារ និងអង្ករ៧០០តោន ដែលជាការឧបត្ថម្ភរបស់សប្បុរសជន ក្នុងការរួមចំណែកដោះស្រាយការលំបាកជូនពលរដ្ឋដែលរងគ្រោះទឹកជំនន់៕