(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្ដបុកជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្ថិតក្នុងខណ្ឌចំការមន ក្រោយមកបានបើករត់ដល់ខណ្ឌដូនពេញ បានបុកបន្ដទៀត តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានវាយអ្នកបើកបរងរបួស និងរថយន្ដខ្ទេចទើបប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ តាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាក Fortuner ពាក់ស្លាកលេខភ្នំពេញ៖ 2Z-3000 បើកបរដោយបុរសជនជាតិចិនម្នាក់ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពាក់ស្លាកលេខ៖ ព្រៃវែង 2A-2424 បណ្ដាលឱ្យជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ទើបជ្រុលទៅបុកទីតាំងលក់រថយន្ដនៅក្បែរនោះ ធ្វើខូចខាតរថយន្ដ២គ្រឿងដែរ។
ក្រោយពីបុកគេរួចមក រថយន្ដបង្កបានបើករត់ដល់ផ្សារកណ្ដាល ក្នុងខណ្ឌដូចពេញ ក៏បុកបន្ដទៀត ទើបប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធដេញចាប់វាយរថយន្ដខ្ទេច និងអ្នកបើកបររងរបួសផងដែរ ទើបប្រគល់ឱ្យសមត្ថកិច្ច។ ក្រោយពេលកើតហេតុ រថយន្ដបង្ករួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញយក ទៅការិយាល័យចរាចរណ៍រាជធាណីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕