(ភ្នំពេញ)៖ ឧកញ៉ា សុខ ឡេង នាយកក្រុមហ៊ុនស្រាបៀរ Ganzberg នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានឧបត្ថម្ភអង្ករចំនួន២០០តោន ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រាលដល់ការដោះស្រាយបញ្ហារងគ្រោះដោយទឹកជំនន់ របស់ប្រជាពលរដ្ឋ។

សម្រាប់អំណោយជាអង្ករចំនួន ២០០តោននេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ជូនអង្ករ ១០០តោន សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និង១០០តោនទៀត បញ្ជូនទៅខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ប្រមាណ១៨ភាគរយ ស្មើនឹងប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងចុះចែកពូជស្រូវ ដើម្បីឲ្យប្រជាពលរដ្ឋអាចស្ដារឡើងវិញ នូវដំណាំដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ផងដែរ៕