(អឺរ៉ុប)៖ រយៈពេល ៥ខែដំបូងនៃឆ្នាំ ២០១៦នេះ ជនភៀសខ្លួន ២,៨៥៦នាក់ បានលង់ទឹក នៅក្នុងសមុទ្រមេឌីរ៉ាណេ បន្ទាប់ពីពួកគេបានព្យាយាមគេចពីភ្លើងសង្គ្រាម នៅតំបន់អាហ្វ្រិកខាងជើង អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា ប៉ុន្តែនៅតែមិនអាចស្វែងរកទីសុខសាន្តបាន។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
នៅក្នុងចំណោមមនុស្សដែលលង់ទឹកទាំងអស់នោះ មាន ១,៨៣៨នាក់បានបាត់បង់ជីវិត ដែលចំនួន នេះលើសកាលពីពេលដូចគ្នានៅឆ្នាំ ២០១៥ ចំនួន ១,០០០នាក់ឯណោះ។ ដូច្នេះទើប សមុទ្រ មេឌីទែរ៉ាណេ ដ៏ល្បីល្បាញនឹងល្វឹងល្វឺយ ក៏ត្រូវបានចាត់ទុកជាសមុទ្រមរណៈ ដ៏គួរឲ្យខ្លាចដើម្បី ឲ្យជនភៀសខ្លួនរាប់រយនាក់ ផ្សងព្រេងទាំងប្រថុយជីវិត បើទោះបីជាដឹងថាអត្រាស្លាប់ច្រើនជាងរស់ ក៏ដោយក៏មិនរួញរា នឹងឆ្លងកាត់ដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៦នេះ បើទោះបីជាចំនួនជនភៀសខ្លួន បានស្លាប់កើនឡើងលើសមុន ស្ទើរតែទ្វេដងក៏ដោយ ប៉ុន្តែចំនួនជនភៀសខ្លួនដែលចូលមកកាន់តំបន់អឺរ៉ុបនេះ ក៏មានការកើនឡើង លើសបណ្តាឆ្នាំមុនៗដែរ។ ជាក់ស្តែងរយៈពេល ៥ខែមកនេះជនភៀសខ្លួន ២០៧,២៦០ នាក់ហើយ បានមកដល់តំបនអឺរ៉ុប ជាពិសេសនៅបណ្តាកោះប្រទេសក្រិក។ ភាគច្រើននៃពួកគេមកពីប្រទេស អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី និងលីប៊ី ជាដើម៕