(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានរៀបចំកម្មវិធីពិធីជួបជុំអាហារសាមគ្គី វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី១ ទី២ និងទី៣» ដែលប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋានសេវេនប្រាយ ឃីង ខណ្ធទួលគោក ។

កម្មវិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទាំង៣ជំនាន់ សរុបប្រមាណជាង ២០០នាក់។ កម្មវិធីនេះមានកម្មវិធីជួបជុំគ្នាចែករំលែកបទពិសោធនៃការសិក្សា ការកសាងបណ្តាញទំនាក់ទំនងគ្នារវាងស្ថាប័ននិងស្ថាប័ន បុគ្គលនិងបុគ្គល ព្រមជាមួយការថតរូបអនុវស្សាវរីយ៍សិក្ខាកាមរួមជំនាន់ និងការជូនកាដូអនុស្សាវរីយ៍ជូនគ្រូឧទ្ទេស និងភ្ញៀវកិត្តិយស។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ត្រូវបានរៀបចំក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹង ជំនាញ និងផ្ដល់នូវឱកាសបណ្ដុះបណ្ដាល ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ វគ្គនេះ បានបណ្ដុះបណ្ដាល ចំនួន ២ជំនាន់រួចមកហើយ ដែលសិក្ខាកាមចូលរួម គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ កម្រិត អគ្គនាយក រហូតដល់រដ្ឋលេខាធិការ និងអភិបាលរាជធានី ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល សរុបចំនួន ៣១២នាក់ ស្រី ៥៣នាក់។

បន្ថែមពីនេះទៀត ដោយឡែកសម្រាប់វគ្គបណ្ដុះបណ្ដាលជំនាន់ទី៣នេះ នឹងធ្វើការបណ្ដុះបណ្ដាលដល់សិក្ខាកាមជាន់ខ្ពស់ ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន អភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង ស្ថាប័ន ចំនួន ៣១ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង ២៥រាជធានី ខេត្ត សរុបចំនួន ១៧០នាក់ ស្រី ២២នាក់ ដោយទទួលការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល៕