(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងត្រៀមចែកពូជស្រូវជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា សម្រាប់ទីតាំងប្រារព្ធពិធីនៅខេត្តបន្ទាយមានជ័យនេះ មានប្រជាពលរដ្ឋ៥២២៤គ្រួសារ ដែលនឹងត្រូវទទួលនូវស្បៀងសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ក្នុងនោះពូជស្រូវ ប្រមាណ៩០០តោន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ត្រូវបានរៀបចំទុកដាក់រួចរាល់ហើយ។

បើតាមលោកទេសរដ្ឋមន្ដ្រី គន់ គីម សម្រាប់ទីតាំងនៅខេត្តបាត់ដំបងវិញ កម្លាំងកងទ័ពជាង៣០០នាក់ កំពុងមមាញឹកក្នុងការរៀបចំដោយក្នុងនោះ មានពូជស្រូវចំនួន១,១០០តោន ដែលត្រៀមចែកជូនប្រជាពលរដ្ឋ។ លោកបន្ដថា ការរៀបចំនៅខេត្តបាត់ដំបង នឹងត្រូវធ្វើឲ្យបានរួចរាល់នៅយប់នេះតែម្ដង។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ កំពុងស្ថិតនៅខេត្តសៀមរាប ដើម្បីត្រៀមជួបសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់៕