(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា លើកទឹកចិត្តឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ដោយភ្ជាប់ជាមួយភ័ស្ដុតាងកាមេរ៉ាសុវត្ថិភាព នៅពេលនគរបាលចរាចរណ៍ ផាកពិន័យមិនត្រឹមត្រូវតាមច្បាប់ ឬប្រជាពលរដ្ឋមិនបានជិះខុសច្បាប់ចរាចរណ៍ផ្លូវគោក។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជានិច្ចជាកាល តែងតែបង្ហាញនូវវីដេអូចេញ ពីកាមេរ៉ាសុវត្ថិភាពរថយន្ដ ក្នុងករណីដែលនគរបាលចរាចរណ៍នៅតាមគោលដៅនានា ឃាត់ផាកពិន័យមិនត្រឹមត្រូវ ដើម្បីងាយស្រួលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ជាចំណុចល្អដែលរថយន្ដបងប្អូនប្រជាពលរដ្ឋមានកាមេរ៉ា ដូច្នេះពួកគាត់មានភ័ស្ដុតាងច្បាស់លាស់ដើម្បីជជែកតវ៉ា ឬដាក់ពាក្យបណ្ដឹង។ ប្រជាពលរដ្ឋមានសិទ្ធិដាក់ពាក្យបណ្ដឹងមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬសាលារាជធានីភ្នំពេញបាន ដើម្បីមានវិធានការលើការអនុវត្តមិនបានត្រឹមត្រូវរបស់មន្ដ្រីចរាចរណ៍តាមគ្រប់គោលដៅទាំងអស់»

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ បើមានលទ្ធភាពគួរដាក់កាមេរ៉ាសុវត្ថិភាពនៅរថយន្ដរបស់ខ្លួន ដើម្បីងាយស្រួលរកអ្នកខុស អ្នកត្រូវព្រោះអង្គភាពក៏មិនកាន់ជើង មន្ដ្រីរបស់ខ្លួន ហើយក៏មិនកាន់ជើងប្រជាពលរដ្ឋ។ លោកថា ឲ្យតែមានភ័ស្ដតាងច្បាស់លាស់នឹងអនុវត្តតាមស្ថានភាពជាក់ស្ដែង។

គួរជម្រាបថា នៅថ្ងៃនេះមានការចែកចាយវីដេអូថ្មីមួយនៅលើបណ្ដាញសង្គម ដែលបង្ហាញថា ប្រជាពលរដ្ឋជិះឆ្លងស្ដុបដែលមានភ្លើងខៀវ ប៉ុន្ដែត្រូវនគរបាលចរាចរណ៍នៅគោលដៅផ្លូវម៉ៅសេទុង ឃាត់ផាកពិន័យ៕