(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ក្រែងផុតសុពលភាពប្រើប្រាស់ និងសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ ដូច្នេះ អត្តសញ្ញាណប័ណ្ណដែលបានផ្ដល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទប្ដូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖

*ទី១៖ តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន

*ទី២៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)

*ទី៣៖ ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអីអនម៉ល២ (Aeon Mall II) សែនសុខ។

សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល៩០ថ្ងៃ (និងឯកសារសំអាង ករណីមានការផ្លាស់ប្តូរទិន្នន័យ)។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សង្ឃឹមថាប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព ឬជិតអស់សុពលភាព សូមមេត្តាយកចិត្តទុកដាក់ និងរួសរាន់មកបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីឡើងវិញ។ បើមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងទៅកាន់លេខ៖ ១២៧១ / ០១៧ ៨៩៨ ៩១៥៕