(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោកអភិបាលស្រុក និងសហការី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមចែកអំណោយជាស្បៀងសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្ដល់ជូនដល់ប្រជាពលរដ្ឋចំនួន៥៤៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង មានឃុំចំនួន៣ គឺ «ឃុំបាក់ស្នា, ឃុំបល្ល័ង្ក និងឃុំត្នោតជុំ» ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានសង្កត់ធ្ងន់ៗលើអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងតាមបណ្តាមូលដ្ឋាន ត្រូវតែបង្ក្រាបឲ្យបាន ជាដាច់ខាតមិនមែនជាពេលត្រូវណែនាំទៀតទេ គឺត្រូវបញ្ចប់ល្បែងស៊ីសងឲ្យខានតែបាន។ ដោយសង្កេតឃើញទុក្ខ លំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតស្បៀងអាហារ ដែលរងគ្រោះដោយទឹកជំនន់ សម្ដេចទាំងពីរ តែងតែផ្ដល់ជាស្បៀងអាហារ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាអត់ស្បៀងអាហារនោះឡើយ។

លោក ញ៉ឹក បានខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយទឹកជំនន់ ឬឧបទ្ទវហេតុផ្សេងៗ និងជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន និងមានសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ញ៉ឹក បានខេង បានជំរុញឱ្យគ្រប់រដ្ឋបាលឃុំ បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវទៅពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ចុះឈ្មោះបោះឆ្នោត និងអ្នកប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះ បោះឆ្នោត នៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំប្រទេស។ បងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាម មណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមរក្សាអនាម័យបីប្រការ គឺ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»

សូមបញ្ជាក់ថា ប្រជាពរដ្ឋចំនួន៥៤៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ០១បេ មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ០១យួរ និងទឹកបរិសុទ្ធ០១កេសផងដែរ៕