(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានគោរពអបអរសាទរ ជូនចំពោះលោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជា អ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership) នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ប្រារព្ធធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យបានពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើ ប្រវត្តិ ស្នាដៃ សមិទ្ធផល និងគុណសម្បត្តិជាច្រើនរបស់ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានបំពេញ គ្រប់លក្ខខណ្ឌ និងមានតម្លៃលើសលុបជាសកលក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំដើម្បីឯករាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសជាតិ និងប្រជាជន និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។

សូមគោរពជូនពរ លោកបណ្ឌិតប្រធានាធិបតី សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំកសាង និង អភិវឌ្ឍ ប្រទេសជាតិ និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។

សូមជម្រាបជូនផងដែរថា សាកលវិទ្យាល័យផ្តល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនចំពោះ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ឬបុគ្គលដែលមានស្នាដៃ តាមលក្ខខណ្ឌដូចខាងក្រោម៖

*ទី១៖ ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងបុគ្គលដែលមានកិត្តិយសខ្ពស់បំផុត ដែលមានគុណសម្បត្តិ និងស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដឹកនាំតស៊ូទាមទារឯករាជ្យជាតិ និងការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនប្រទេសជាតិ ក៏ដូចជាមនុស្សជាតិទូទាំងពិភពលោក។

*ទី២៖ បុគ្គលដែលមានគុណសម្បត្តិ និងស្នាដៃក្នុងការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន ឧស្សាហកម្ម វិស្វកម្ម ស្ថាបត្យកម្ម បច្ចេកវិទ្យា និងស្រាវជ្រាវ រកឃើញនូវរូបមន្តផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្ត្រ ព្រមទាំង វិស័យផ្សេងៗទៀត សម្រាប់ជាប្រយោជន៍ ដល់សង្គមជាតិ និងជាគំរូដល់យុវជនជំនាន់ក្រោយ។

*ទី៣៖ បុគ្គល ដែលទទួលបានជោគជ័យលើផ្នែក ពាណិជ្ជកម្ម ឧស្សាហកម្ម អាជីវកម្ម ក្នុងអាជីពការងារ និងមុខរបរ វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងមានបទ ពិសោធន៍ ស្របតាមទេពកោសល្យពីកំណើត ដែលបានរួមចំណែកអភិវឌ្ឍ លើវិស័យផ្សេងៗទៀត សម្រាប់សង្គមជាតិ ក៏ដូចជាមនុស្សជាតិទូទៅ៕