(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណវិទ្យាល័យបឹងត្របែក លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលដំណើរទស្សនកិច្ចរបស់លោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំស្ថានទូតចិននៅកម្ពុជា។
ក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី នាឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិន ដែលបានគាំទ្រជួយដល់កម្ពុជា បង្កើតបាននូវបណ្ណាល័យគ្រឿងញៀន បម្រើដល់ការសិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀនរបស់សិស្ស និងអ្នកសិក្សា។
ក្នុងឱកាសនោះលោក លី ស៊ាងមីង បានកោតសរសើរដល់កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អលើគ្រប់វិស័យ ពិសេសកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ បង្រ្កា បទល្មើសគ្រឿងញៀ ហើយការបង្កើតបាននូវបណ្ណាល័យ គ្រឿងញៀននាពេលនេះ គឺពិតមានសារសំខាន់បំផុតចូលរួមចំណែកជួយយុវជនឱ្យទទួលបានចំណេះដឹងនិងចាកផុតពីបញ្ហាគ្រឿងញៀន។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត សឿ សុជាតា បានស្នើសុំដល់ភាគីមិត្តចិនជួយលើការងារបណ្តុះបណ្តាលធនធានមនុស្ស ហើយភាគីមិត្តចិននឹងបន្តជួយដល់កម្ពុជា៕