(ក្រចេះ)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តក្រចេះក្រោមគំនិតផ្តួចផ្តើមរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានរៀបចំពិធីបុណ្យរយៈពេល៣ថ្ងៃ គីថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ប្រណាំងកង់ និងរត់ប្រណាំង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលរងខេត្តតំណាង លោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងបានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនិងមានការ សម្របសម្រួល និងសហការឧបត្ថម្ភដោយក្រុមហ៊ុនមេរុ៍ ខមម្យនីខេសិន (ខេមបូឌា)។

លោក គង់ គីមនី បានបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង អបអរសារទរព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក បណ្ដែមប្រទីប និងសំពះព្រះខែ ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដោយរដ្ឋបាលខេត្តក្រចេះ បានរៀបចំនូវការប្រកួតកួតកីឡាប្រណាំងទូកប្រពៃណីខ្នាត អន្តរជាតិ អមដោយពិធីផ្សេងៗ រួមមាន៖ ការរត់ប្រណាំង ប្រណាំងកង់ ដាំដើមឈើ ពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្ត្រី និងកម្មវិធីសម្អាតក្រុងក្រចេះផងដែរ។

លោកបន្តទៀតថា កម្ពុជាសំដៅការលើកកម្ពស់វិស័យទេសចរណ៍ខេត្តក្រចេះ ជាពិសេសទេសចរណ៍ក្នុងស្រុក ក្នុងដំណាក់ការស្ដារឡើងវិញ វិស័យទេសចរណ៍ក្រោយវិបត្តិ ជំងឺកូវីដ-១៩ និងត្រៀមរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៣-២០៣៥ ខាងមុខផងដែរ។

ព្រឹត្តិការណ៍នេះ បានចូលចំណែកយ៉ាងល្អប្រសើរក្នុងការលើកកម្ពស់ និងជំរុញ ផ្សព្វផ្សាយព្រឹត្តិការណ៍កីឡា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម និងបារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងផ្ដល់អត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តក្រចេះ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍រួមមានទាំង សេវាកម្មស្នាក់នៅ ហូបចុក ការធ្វើដំណើរ និងសេវាកម្មកម្សាន្តនានា៕