(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងក្រុងស្ទឹងសែន ចំនួន៨សង្កាត់ សរុប១,៨៨៩គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ បានធ្លាក់ចុះច្រើនលើសលុបបង្កឱ្យ មានផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដូចជា៖ ដំណាំស្រូវ ដំណាំហូបផ្លែ បន្លែរួមផ្សំ លំនៅដ្ឋាន សាលារៀន វត្តអារាម រចនាសម្ព័ន្ធ ដែលរំខានដល់ការសិក្សារៀនសូត្រ និងការប្រកបរបរចិញ្ចឹមជីវិត ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន មានគ្រួសារសរុបចំនួន ១៣,៦៤៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៥៩,៨៩០នាក់។

អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុងស្រុក ក្នុងការចុះជួយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបានចុះជួយអន្តរាគមន៍ ដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលស័ក្កសមនិង មន្រ្តីបម្រើប្រជាជន ហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងសេចក្តីសុខគ្រួសារ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរខ្លាំងណាស់ ចំពោះបញ្ហា ដែលបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជួបគ្រោះមហន្តរាយ ទាំងបញ្ហាទប់ស្កាត់ការឆ្លងជម្ងឺកូវិដ១៩ ទាំងបញ្ហាបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយ ដោយសារទឹកជំនន់ សម្តេចលោកបានចាត់ឲ្យមន្ត្រីមូលដ្ឋាន តាមដានសភាពការណ៍ទឹកជំនន់ និងការប្រកបមុខរបរទទួលទាន រួមទាំងជីវភាពខ្វះខាតរបស់បងប្អូន ដោយចាត់ឲ្យនាំយកស្បៀងអាហារ ទៅចែកជូនបងប្អូននៅតាមលំនៅដ្ឋាន ដែលកំពុងតែរងគ្រោះ ដោយមិនបង្អែបង្អង់រងចាំយូរឡើយ។

លោកបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព ពិសារអាហារមានអនាម័យ និងការពារឲ្យបាននូវជីវិតកូនក្មេង មនុស្សចាស់ និងសត្វពាហនៈ ក្រែងមានការបាត់បង់ខូចខាតដោយប្រការណាមួយដោយសារទឹកជំនន់ ។

អំណោយត្រូវបានចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ១យួរ មី១កេសផងដែរ៕