(ភ្នំពេញ)៖ បច្ចុប្បន្ន បើយើងនិយាយអំពីទីតាំងប្រវត្ដិសាស្រ្ដឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដែលជាឃុំមួយមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងបំព្រង ដូចបណ្ដាឃុំនានានៅទូទាំងប្រទេស ហើយដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ស្អែកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍លើការអភិវឌ្ឍតំបន់នេះ ឲ្យមានរបៀបរៀបរយស្របទៅតាមរមណីយដ្ឋានប្រវត្ដិសាស្រ្ដតំបន់អង្គរ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះមក ហាក់ពុំមានអ្នកស្រាវជ្រាវណាស្វែងយល់អំពីទីតាំងប្រវត្ដិឈ្មោះឃុំនេះទេ។

តើឃុំពាក់ស្នែងមានប្រវត្ដិយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយអំពីប្រវត្ដិឈ្មោះឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដែលជាឈ្មោះដ៏បរមបុរាណនេះ គឺមានប្រវត្ដិជាប់ទាក់ទងនឹងប្រវត្ដិរឿងតាសក់ផ្អែម។ ជាទូទៅ គេដឹងថាតំបន់នេះ កាលដើមទ្បើយមានតាត្រសក់ផ្អែម ជាអ្នកមានមុខងារថែរក្សានិងដាំត្រសក់ផ្អែម នៅលើភ្នំហៅថា «ភ្នំចំការ» ដែលលើខ្នងភ្នំនេះ ជាដីរាបស្មើអាចដាំត្រសក់ឲ្យភោភផលយ៉ាងល្អប្រពៃ និងបានធ្វើឃាតស្ដេចដោយអចេតនា ដើម្បីការពារត្រសក់សម្រាប់ថ្វាយព្រះរាជាម្ចាស់ផែនដី។ លុះបន្ទាប់មក តាត្រសក់ផ្អែម ក៏បានទ្បើងគ្រងរាជ តាមទំនៀមទម្លាប់ប្រពៃណីព្រះរាជា គឺការយាងតាត្រសក់ផ្អែមចេញពីចំការត្រសក់ដោយស្នែង។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងព្រឹត្ដិការណ៍នេះ ចំពោះប្រវត្ដិជាប់ឈ្មោះឃុំត្រង់ថា ពិធីនៃការយាងតាត្រសក់ផ្អែម ពុំមានភាពរលូនតាមកិច្ចពិធី ព្រោះពួកមន្រ្ដី ដែលមានភារៈខាងកិច្ចការគ្រែស្នែង បានធ្វេសប្រហែសដោយយកគ្រែស្នែងទៅពាក់នឹងដើមស្ពឺ ដែលតាមទំនៀមគ្រែស្នែង ជាគ្រែសិរីមង្គលព្រះរាជា គេប្រយ័ត្នប្រយែងជាទីបំផុត ព្រោះគេពុំអាចយកទៅបំពាក់លើដើមឈើ ផ្ដេសផ្ដាសបានទេ។

ដូចនេះចំពោះទីកន្លែង «ដើមស្ពឺពាក់និងគ្រែស្នែង» នេះហើយទើបគេហៅថា «ពាក់ស្នែង ជាឃុំពាក់ស្នែង» ជាប់ជាទំនៀមតរៀងមក។ ចំពោះពាក្យថា «ពាក់ស្នែង» សំដៅដល់ការព្យូរ ឬបំពាក់។ ស្នែងហៅថា គ្រែស្នែង ឬអង្រឹងស្នែង ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។ គ្រែស្នែង ជាគ្រែតូចខ្លីសម្រាប់ជិះមានមនុស្សសែង។ អង្រឹងស្នែង អង្រឹងមានចំពាស់មានដង សម្រាប់ជិះមានមនុស្សសែង។

លោក រ័ត្ន សណ្ដាប់ បន្ដថា បើពោលក្នុងទស្សនការចងចាំខ្មែរ ដោយទីតំាងដើមស្ពឺពាក់និងគ្រែស្នែងនេះ មានប្រវត្ដិយ៉ាងដូច្នេះហើយ ទើបគេហៅទីតាំងនេះថា «ភូមិពាក់ស្នែងចាស់» ជាទួលបុរាណដែលអាជ្ញាធរ បានព័ទ្ធរបងការពារផងដែរ ក្នុងន័យកុំឲ្យច្រទ្បំពី «ភូមិពាក់ស្នែងថ្មី»។ ម្យ៉ាងទៀត តំបន់នេះចំពោះការដាំត្រសក់ផ្អែមនេះទៀតសោត ក៏មានលក្ខណៈពិសេសផងដែរ គឺគេដាំឲ្យវារទ្បើងជាទ្រើងផុតពីដី។

ចំពោះផ្លៃត្រសក់ផ្អែមនៅតំបន់នេះវិញ មានពណ៌ខៀវ ពណ៌លឿង និងសប្រផេះ និងមានតម្លៃចាប់ពី១០ដុល្លារដល់២០ដុល្លារ ក្នុង១គីទ្បូក្រាម ព្រោះបើផ្លៃត្រសក់កាន់តែធំ តម្លៃកាន់តែថ្លៃ អាស្រ័យទៅតាមទំហំនៃផ្លៃត្រសក់នីមួយៗ ដោយគេអាចយកតាំងលម្អដល់ភ្ញៀវទេសចរណ៍ និងមានរសជាតិយ៉ាងឆ្ងុយឆ្ងាញ់ពិសា។

ទន្ទឹមនឹងនេះ អ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានថ្លែងសាទរផងដែរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលបានថ្លែងនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប នៅថ្ងទី២១ ខែតុលា ឆ្នាំ២០២២នេះ ដែលតម្រូវឲ្យធ្វើការផ្លាស់ប្ដូរសាលាស្រុកអង្គរធំ ចេញពីតំបន់១ របស់អាជ្ញាធរអប្សរា ទៅដាក់នៅឃុំពាក់ស្នែង វិញដើម្បីធ្វើការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែមានភាពផូរផង់ថែមទៀត។

ជាចុងក្រោយលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា យ៉ាងណាមិញចំពោះរឿងរ៉ាវ​ព្រះបាទ​ត្រសក់ផ្អែមនេះ ដែលជាឯកសារ​ព្រះរាជ​ពង្សាវតាររវាងឆ្នាំ​១៣៣៦ ដល់ឆ្នាំ​១៣៤០ ហើយត្រូវ​បាន​ចងក្រង​ឡើង​នៅ​ចុងស.វ.ទី​១៨ និង​ដើមទី​១៩ គឺមាន​ចរិត​លក្ខណៈ​ជារឿង​ប្រឌិត​ ជាង​ការ​ពិត​ប្រវត្តិសាស្ត្រ សូម្បីតែអាយុតាត្រសក់ផ្អែម ក៏ហួសនិស្ស័យនឹងការជឿ គឺមានអាយុ៥០៣ឆ្នាំ។ ម្យ៉ាងទៀត រឿងតាត្រសក់ផ្អែមនេះ អ្នកខ្លះអះអាងថានៅតំបន់នេះ អ្នកខ្លះអះអាងថានៅតំបន់នោះ ពុំមានការឯកភាពគ្នានៅទ្បើយទេ។ តែរឿងរបស់អ្នកស្រុក ដែលបានចងចាំនិងដំណាលតៗគ្នារាប់ជំនាន់ គឺជាពន្លឺមួយដ៏ប្រពៃថ្លៃថ្លាយើងត្រូវគោរព។

មួយវិញទៀតរឿងស្រដៀងគ្នានេះ ក៏មានគេកត់ត្រាទុកកើតមាននៅប្រទេសភូមា បច្ចុប្បន្នហៅថាប្រទេសមីយ៉ាន់ម៉ា ផងដែរ គ្រាន់តែនៅប្រទេសភូមាគេអះអាងថា រឿងនេះកើតឡើងនៅចុងស.វ.ទី១០ ឯនៅកម្ពុជាយើង បានអះអាងថាកើតឡើង នៅស.វ.ទី១៤តែប៉ុណ្ណោះ។

កសិករដាំត្រសក់នៅភូមានោះមានឈ្មោះថា ញ៉ោងអ៊ូស យាហាន់ (NyaunguSawrahan)។ ឯព្រះបាទ ធៀនកូ (Theinkho) ដែលជាព្រះរាជាដែលកំពុងសោយរាជ្យនោះ ដោយចង់សាកល្បងមើលថាតើកសិករ ញ៉ោងអ៊ូស យាហាន់ ប្រាកដជាចាំថែរក្សាចម្ការបានគត់ហ្មត់សម្រាប់ទុកថ្វាយព្រះអង្គ ឬយ៉ាងណានោះ ព្រះអង្គក៏លបចូលទៅក្នុងចម្ការនោះក្នុងពេលយប់ងងឹត។ ញ៉ោងអ៊ូស យាហាន់ គិតស្មានថាជាចោរលួចត្រសក់ ក៏សម្លាប់ព្រះរាជាក្លែងខ្លួននោះទៅ។

បន្ទាប់មក ក្រុមនាម៉ឺនសព្វមុខមន្ត្រីនៃព្រះបរមរាជវាំង នៃប្រទេសភូមាក៏ព្រមព្រៀងគ្នាលើកកសិករដាំត្រសក់នោះ ឲ្យសោយរាជ្យជំនួសព្រះរាជា៕