(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ បានបង្ក្រាបអ្នកជល់មាន់ដ៏សកម្មបានចំនួន៣នាក់ ដោយដកហូតរថយន្ត ១គ្រឿង ម៉ូតូ៥គ្រឿង និងសត្វមាន់២ក្បាល។

លោក សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មាន ការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ។

លោកអធិការបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្ត ១គ្រឿង, ម៉ូតូ ៥គ្រឿង និងមាន់ជល់ចំនួន ២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាង សំណុំរឿងចាត់ការតាមច្បាប់។

ជាមួយគ្នានេះ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ និងសូមទំនាក់ទំនងផ្តល់ព័ត៌មាន មកកាន់ទូរស័ព្ទ ក្តៅ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមរយៈលេខ 097 77 80 007៕