(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក នៅទន្លេបាទី ស្រុកបាទី រយៈពេល២ថ្ងៃ ដោយការររៀបចំនឹងធ្វើឡើងចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា លោកបានណែនាំឱ្យអភិបាលក្រុងស្រុក ត្រូវត្រៀមរៀបចំទូកប្រណាំងក្នុងមួយក្រុងស្រុក ត្រូវមានទូកចំនួន២ចូលរួមប្រកួត ហើយយើងក៏នឹងរៀបចំចែក រង្វាន់ដល់ទូកដែលឈ្នះ ព្រមទាំងមានការតាំងពិពិរណ៍ផងដែរ ដោយបង្ហាញពីផលឹតផលដែលផលិតនៅតាមស្រុកនីមួយៗរបស់ខេត្តតាកែវផងដែរ។

បើតាមលោកអភិបាលខេត្តតាកែវ រដ្ឋបាលខេត្ត ក៏បានចេញសេចក្ដីអំពាវនាវដល់លោកឧកញ៉ា អ្នកឧកញ៉ា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងគ្រឹះស្ថានសាធារណៈឯកជន ព្រមទាំងសាធារណជនទាំងអស់មេត្តាជួយឧបត្ថម្ភជាសម្ភារ និងថវិកាតាមសន្តានចិត្តជ្រះថ្លា ទៅតាមលទ្ធភាពរឿងខ្លួនដល់ការរៀបចំពិធីបុណ្យអ៊ំទូកដែលរៀបចំនៅទន្លេបាទីនេះ។

លោក អ៊ូច ភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រួមនិងប្រជាពលរដ្ឋដែលរស់នៅជាប់ខេត្តតាកែវ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ សូមអញ្ជើញមកចូលរួមលេងកម្សាន្តនៅ រមនីយដ្ឋានទន្លេបាទី ស្រុកបាទី ដែលមានការរៀបចំពិធីបុណ្យអ៊ំទូកនាពេលខាងមុខឲ្យបានច្រើនកុះករ៕