(កំពត)៖ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទជាច្រើនរូប ចុះពិនិត្យទីតាំងគ្រោងបង្កើតឆ្នេរសមុទ្រថ្មី មួយកន្លែងនាពេលឆាប់ៗ ខាងមុខនេះ នៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍ឱ្យបានកាន់តែសម្បូរបែប ក៏ដូចជាការជំរុញការងារអភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្នុងខេត្តឱ្យបានស្អាតសមជាខេត្តគោលដៅទេសចរណ៍។ ម្យ៉ាងជាការឆ្លើយតបតម្រូវការជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅសម្រាកទស្សនាកម្សាន្តឱ្យបានកាន់តែល្អប្រសើរឡើង ថែមទៀត ទៅថ្ងៃអនាគត។

លោក ម៉ៅ ធនិន បានឱ្យដឹងថា គម្រោងខាងលើនេះក៏មានភ្ជាប់ជាមួយនឹងគម្រោងពង្រីកផ្លូវ ដែលមានទំហំទទឹង ៦០ម៉ែត្រ តាមដងព្រែក ដើម្បីឆ្ពោះទៅចូលកាន់តំបន់ឆ្នេរខ្សាច់នោះ។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត បានត្រៀមដីទំហំប្រមាណ ៥ហិកតាជាប់នឹងមាត់សមុទ្រ ដើម្បីរៀបចំជាសួនកម្សាន្តផងដែរ។

តាមចក្ខុវិស័យរបស់រដ្ឋបាលខេត្ត គម្រោងបង្កើតឆ្នេរខ្សាច់ថ្មីនៃខេត្តកំពត ពិតជាមានសារៈសំខាន់ និងបានផ្ដល់ផលប្រយោជន៍ជាច្រើន ពិសេសការផ្ដល់នូវចំណូលសម្រាប់ខេត្ត និងចំណូលដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តលើ សេវាកម្មទេសចរណ៍ ទាំងការស្នាក់នៅ ការហូបចុក និងសេវាកម្មផ្សេងៗទៀត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងជំនាញពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមលក្ខណៈចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តគម្រោងបង្កើតឆ្នេរខ្សាច់ថ្មីនេះ ប្រកបដោយស្មារតី និងឆន្ទៈ ទាំងការចូលរួមសិក្សាគម្រោងនឹងឈានដល់ដំណាក់កាលនៃដំណើរការអភិវឌ្ឍគម្រោង ឱ្យទទួលបានជោគជ័យ ដើម្បីប្រយោជន៍នៃភាពទាក់ទាញ របស់ខេត្តគោលដៅទេសចរណ៍ និងអាចទាញយកចំណូលចូលសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចខេត្ត និងកាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។

លោក ម៉ៅ ធនិន ក៏បានក្រើនរំឭក និងណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក នៃអនុគណៈកម្មការទាំង៩ នៃពិធីប្រណាំងទូកខេត្តកំពតទាំងអស់ ត្រូវចូលរួមយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយធ្វើយ៉ាងណាឱ្យ មានភាពអធិកអធម ទាក់ទាញផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីប្រណាំងទូក។

រដ្ឋបាលខេត្តកំពត នឹងប្រារព្ធធ្វើពិធីប្រណាំងទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី៦-៧-៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីនេះ នឹងធ្វើនៅតាមបណ្តោយឆ្នេរខ្សាច់ដងព្រែកកោះស្មៅ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ដែលទីតាំងនោះអាចទទួលអ្នកចូលរួមទស្សនាបានប្រមាណ ៤ម៉ឺននាក់ឡើង។ តាមកម្មវិធីរបស់គណៈកម្មការរៀបចំប្រណាំងទូក មានកីឡាករ និងទូកចូលរួមប្រណាំងចំនួន ១២គូ ដែលមានចម្ងាយ ៨០០ម៉ែត្រ និងមានការរៀបចំសំដែងសិល្បៈ ការបង្ហាញក្បាច់គុនល្បុកត្តោ ការតាំងពិព័រណ៌ភូមិមួយផលិផលមួយ ការប្រគុំតន្ត្រី បាញ់កាំជ្រួច ម៉ូតូហោះលើអាកាស រួមនិងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត ដើម្បីបង្កភាពសប្បាយដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកចូលរួម៕