(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់សកម្មភាពលួចនេសាទនៅតំបន់អភិរក្ស និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នានា ជាពិសេសឧបករណ៍ឆក់ត្រី និងឧបករណ៍ដែលច្បាប់ហាមឃាត់។

លោកក៏បានការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្តដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានយ៉ាងល្អប្រសើរ អរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានអរគុណដល់មន្ទីរ-អង្គភាពក្នុងខេត្ត ក៏ដូចជាក្រុមហ៊ុននានាដែលចូលរួមឧបត្ថម្ភគាំទ្រ ជាមួយរដ្ឋបាលខេត្តដល់ដំណេីការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥

*ទី២៖ គ្រោះមហន្តរាយៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវអប់រំណែនាំឲ្យប្រជាពលរដ្ឋ មានវិធានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ដែលកើតមានឡើងជាយថាហេតុ

*ទី៣៖ មន្ទីរកសិកម្មខេត្ត ត្រូវចាត់វិធានការត្រៀមបង្ការសត្វល្អិតបំផ្លាញដំណាំស្រូវ ដំណាំផ្សេងៗ និងទប់ស្កាត់ជំងឺឆ្លងសត្វគ្រប់ប្រភេទ និងត្រៀមស្តារឡើងវិញ នៅតាមឃុំដែលទទួលរងផលប៉ះពាល់លិចស្រូវខូចខាតធ្ងន់ធ្ងរ

*ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពិនិត្យចំពោះទីតាំងដែលធ្លាប់មានលេងល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម ដែលជ្រកក្រោមរូបភាពហាងកាហ្វេ ហាងបាយ និងរូបភាពផ្សេងទៀត

*ទី៥៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន

*ទី៦៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់

*ទី៧៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អណាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញ ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចនវត្ថុ មិនអនុញ្ញាតឲ្យលក់ដូរ មុនសុំច្បាប់អាជីវកម្មឡើយ៕