(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងទិវាគ្រូបង្រៀន ៥ តុលា ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក វ៉ី សំណាង បានថ្លែងបន្តថា ទិវាគ្រូបង្រៀនដែលរៀបចំឡើងក្រោមប្រធានបទនេះ ពិតជាមានសំណាងខ្លាំងណាស់សម្រាប់គ្រូបង្រៀន ទាំងអស់ក្នុងការបង្ហាញពីតម្លៃគ្រូបង្រៀន ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

លោកថា ទិវាគ្រូបង្រៀន ៥ តុលានេះដែរ គឺបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូប ការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

ជាងនេះទៅទៀត ទិវាគ្រូបង្រៀនធ្វើឡើងដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹង ដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្ស ធ្វើតែអំពើល្អ ស្គាល់ខុសត្រូវ គោរពចាស់ទុំ។

លោក វ៉ី សំណាង បានគូសបញ្ជាក់បន្ថែមថា តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ បានរំលឹកឡើងវិញពីជីវិតគ្រូបង្រៀនក្នុងអតីតកាល គឺមិនមានការអភិវឌ្ឍរីកចម្រើនអ្វីនោះទេ ជាពិសេសនៅក្នុងរបបប្រល័យពូជាសាន៍ ប៉ុល ពត ដែលពេលនោះ គ្រូបង្រៀនត្រូវបានយកទៅកាប់ សម្លាប់ចោល ប៉ុន្តែក្រោយពីប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ជីវិតគ្រូបង្រៀនត្រូវបានអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ដែលធ្វើឱ្យការបង្រៀន រីកចម្រើនរហូតដល់ពេលនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាព គ្រូបង្រៀនត្រូវបានយកចិត្តទុកដាក់ ប្រាក់ខែរបស់គ្រូបង្រៀនត្រូវបានរាជរដ្ឋាភិបាលតម្លើងជាបន្តបន្ទាប់ និងអគារស្នាក់នៅតាមបណ្តាខេត្តនានា ក៏ត្រូវបានកសាងជាច្រើនខ្នងផងដែរ៕