(បាត់ដំបង)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មគោល និងលោក យឹម សៀប អភិបាលរងខេត្តបាននាំអំណោយរបស់ រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១០០ គ្រួសារនៅស្រុកថ្មគោល។

លោក នឹម ថូត បានឲ្យដឹងថា កាលពីថ្មីៗនេះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង មកពី២ឃុំនៃស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះមានឃុំជ្រៃចំនួន ៣០គ្រួសារ និងឃុំអូរតាគី ៧០គ្រួសារ សរុប ១០០គ្រួសារ ដែលកំពុងជន្លៀសមកនៅលើទីទួលមានសុវត្ថិភាព ត្រូវបានទទួលអំណោយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ លោក នឹម ថូត ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ និងបានរួមសុខ រួមទក្ខជាមួយបងប្អូន មិនបោះបង់ ឬរត់ចោលឡើយ។ ជាក់ស្តែងដូចក្នុងគ្រាដែលបងប្អូនកំពុងត្រូវបានជន្លៀសមកកាន់ទីទួលសុវត្ថិភាព គេចចេញពីជំនន់ទឹកភ្លៀង ដែលបានអូស បន្លាយ លិចលង់លំនៅដ្ឋាន អស់រយៈពេលជិត១ខែមកហើយនោះ តែងបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគជាស្បៀងអាហារសម្រាប់ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះទៅតាមជាក់ស្តែង។

លោករដ្ឋលេខាធិការ បានអំពាវនាវដល់បងប្អូនត្រូវមើលថែទាំសុខភាពឲ្យបានល្អ ចៀសវាងមានជម្ងឺដង្កាត់ផ្សេងៗ និងត្រូវយកចិត្តទុកបំផុតការពារចំពោះកូនតូចៗកុំឲ្យលេងទឹក និងប្រយ័ត្នមានសត្វអសិរពិសផ្សេងៗ។ បន្ថែមពីនេះ លោក នឹម ថូត បានប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើង គប្បីប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រកបមុខរបរដាំដុះដំណាំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

ទន្ទឹមនេះ លោកក៏បានស្នើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងដឹកនាំប្រទេស ចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ។

ក្រៅពីនេះ លោកក៏សំណូមពរដល់បងប្អូន នៅក្រោយទឹកជំនន់ស្រកចុះវិញ ត្រូវខិតខំប្រឹងប្រែង ធ្វើការបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យបានប្រសើឡើង និងមួយវិញទៀត គប្បីចូលរួមសហការ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការធ្វើចំណាកស្រុកខុសច្បាប់ដើម្បីមានការអន្តរាគមន៍បង្រ្កាបបាន ទាន់ពេលវេលា។

ទន្ទឹមនេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃនិងសូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឡើងទៅឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩។

ជាចុងក្រោយលោក នឹម ថូត បានបញ្ជាក់ថា ថ្វីត្បិតអំណោយដែលគ្រួសារនីមួយៗទទួលបាននេះមានចំនួនតិចតួចក៏មែនពិត តែវាអាចជួយសម្រាលទុក្ខលំបាលរបស់បងប្អូន បានមួយគ្រា ហើយនេះក៏ជាការបង្ហាញពីទឹកចិត្តមនុស្សធម៌ ប្រកបដោយការយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលតែងតែនៅរួមរស់ជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈលំបាកលំបិនយ៉ាងណាក៏ដោយ។

អំណោយត្រូវផ្ដល់ជូននោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ,ទឹកត្រី១យួរ,ត្រីខ១២កំប៉ុង និងថវិកា៤ម៉ឺនរៀល៕