(ព្រៃវែង)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២ ការប្រមូលចំណូល ពីវិស័យធនធានរ៉ែ មានចំនួន១,១៩៣,១៤៧.៩៧ដុល្លាអាមេរិក ដែលលើសផែនការគ្រោងសម្រាប់ឆ្នាំ២០២២ ចំនួន៧៨.៨២%។ នេះបើតាមរបាយការណ៍ របស់លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង។
តាមរបាយការណ៍ បានបង្ហាញថា ក្រុមហ៊ុន/សហគ្រាសធ្វើអាជីវកម្មធនធានរ៉ែ រួមមាន៖ អាជីវកម្មរ៉ែថ្មសំណង់ មាន០៦អាជ្ញាប័ណ្ណ, អាជីវកម្មបូមខ្សាច់សំណង់ និងដីល្បាយខ្សាច់មាន១០អាជ្ញាប័ណ្ណ, លិខិតអនុញ្ញាតបូមខ្សាច់ចាក់បំពេញមាន១ទីតាំង (កំពង់ផែ), អាជីវកម្មជីកខ្សាច់ភ្នំមាន (ចេញដោយរដ្ឋបាលខេត្ត) ៣អាជ្ញាប័ណ្ណ, អាជីវកម្មដីចល័តមាន (ចេញដោយក្រុង-ស្រុក) ៩ អាជ្ញាប័ណ្ណ។
សមិទ្ធផលការងារវិស័យប្រេងកាត ខេត្តព្រៃវែង បច្ចុប្បន្នមានស្ថានីយចំនួន ៣៣៧ ស្ថានីយរួមមាន៖ ស្ថានីយប្រេងឥន្ធនៈមានចំនួន៣១៦ ស្ថានីយស្ថានីយឧស្ម័ន មានចំនួន២ស្ថានីយ, ស្ថានីយប្រេង និងឧស្ម័ន មានចំនួន១៩ស្ថានីយ ក្នុងនោះ ស្ថានីយបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសសុវត្ថិភាពស្ថានីយ អនុញ្ញាតដំណើរការមានចំនួន២៧០ស្ថានីយ ស្មើនឹង៨០.១១%។
ស្ថិតិអាជីវកម្មហ្គាសខ្នាតតូច ដែលមន្ទីរស្រង់បាន មានចំនួន ៥២មូលដ្ឋាន។ សមិទ្ធផលការងារវិស័យថាមពល ក្រុមហ៊ុនវិនិយោគអគ្គិសនី ក្នុងខេត្តមានចំនួន ៣០ ក្រុមហ៊ុន/សេវាករ ដែលមានអាជ្ញាប័ណ្ណ គ្របដណ្តប់ចំនួន ៩៩.៩១% នៃភូមិសរុប។ គិតត្រឹមឆ្នាំ ២០២១ ខ្នងផ្ទះប្រជាជន ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួន ២២៨,៧៨២ខ្នង ស្មើនឹង៩០.៣% នៃខ្នងផ្ទះសរុប។
របាយការណ៍នេះ បានបង្ហាញឲ្យដឹង នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
លោក ស៊ុយ សែម បានថ្លែងថា វិស័យរ៉ែ និងថាមពល និងប្រេងកាត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ក្នុងផ្ទះ ប្រមាណជាង៩៥%។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា មន្ទីររ៉ែ និងថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណា ត្រូវត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណ ឲ្យបានត្រឹមត្រូវដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងការប្រកបមុខរបរអាជីវកម្មរបស់ខ្លួន ត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់។
ទន្ទឹមគ្នានេះ លោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង ដែលបានធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្តនៅតាមគោលការណ៍ បែបបទរបស់ក្រសួង ដែលបានដាក់ជូនបានយ៉ាងល្អប្រសើរ។
រដ្ឋមន្ត្រី ស៊ុយ សែម បានលើកឡើងថា ជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាល បានផ្តល់នូវអាគាររដ្ឋបាលថ្មីនេះ គឺដើម្បីសម្រួលដល់ការបំពេញការងារ បានល្អប្រសើរដល់មន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពលនេះ។ ហើយត្រូវយកចិត្តទុកដាក់ថែរក្សា នៅអគាររដ្ឋបាលនេះ ឲ្យបានយូរអង្វែង។
ជាមួយគ្នានេះ លោក ស៊ុយ សែម ក៏ផ្តាំផ្ញើដល់មន្រ្តីនៃមន្ទីររ៉ែ និងថាមពល ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អ ជាមួយអង្គភាពពាក់ព័ន្ធ។
សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីររ៉ែ និងថាមពល ដែលបានសម្ពោធថាឲ្យប្រើប្រាស់ជាផ្លូវការនេះ មានទំហំ២០ម៉ែត្រ គុណ១០ម៉ែត្រ, មានកម្ពស់២ជាន់, មានបន្ទប់ធ្វើការចំនួន៨បន្ទប់, សាលប្រជុំ១, កន្លែងទទួលភ្ញៀវ១, បន្ទប់ទឹក៣បន្ទប់, ខាងក្រោមអគារអាចដាក់រថយន្តបានចំនួន៨គ្រឿង ព្រមទាំងបានបំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារិមសម្រាប់បំពេញការងាររួចរាល់៕