(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី សាកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ បានដឹកនាំនិស្សិតវគ្គបណ្តុះបណ្តាល ការពារជាតិជំនាន់ទី១៦ សិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានធ្វើបាឋកថា អំពីការងារក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្តជូនចំពោះនិស្សិតវគ្គបណ្តុះបណ្តាល។ ខេត្តព្រះសីហនុមានឆ្នេរ កោះ៣០ ថ្មដុះ២កន្លែង និងថ្មប៉ប្រេះទឹក ៥កន្លែង តួនាទីរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹក វរៈនគរបាលការពារព្រំដែនទឹកដែលជាសេនាធិការ ឱ្យគណៈបញ្ជាកាឯកភាពខេត្តក្នុងប្រតិបត្តិការរួមគ្នារៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង។

លោកអភិបាលខេត្តបានបន្តទៀតថា ផ្តើមចេញពីការអភិវឌ្ឍខេត្តព្រះសីហនុ អភិវឌ្ឍលឿនឆាប់មានអគារធំស្កឹមស្កៃជាច្រើន ដែលរាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ និងគោលនយោបាយ ស្លឹកត្នោតខ្ចប់ស្កត្នោត ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុមានដូចជា ផ្លូវ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ លំហរឆ្នេរសាធារណៈ ការដាំដើមឈើនៅអមសងខាងផ្លូវក្នុងក្រុង អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសក្តានុពលតំបន់ឆ្នេរជាច្រើនផ្សេង ទៀតផងដែរ។

ក្នុងពិធីលោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើតគណៈកម្មាធិការអន្តរក្រសួង២ រៀបចំធ្វើផែនការមេ ដោយបានសហការជាមួយវិទ្យាស្ថានស៊ិនជិន (ប្រទេសចិន) រៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ប្រកបដោយចិរភាព ដែលមានសោភ័ណភាព អនាម័យ បរិស្ថាន។

ទន្ទឹមនោះ ប្រមូលព័ត៌មាន ដើម្បីរៀបចំខេត្តព្រះសីហនុ ផ្តោតលើសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ JICA ជប៉ុន សាងសង់កំពង់ផែជំហាន ទី១ និងទី២ ត្រូវបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ និងឈានទៅការអភិវឌ្ឍជំហាន ទី៣ (២០២៥-២០២៨)មានជម្រៅទឹករហូត ១៦.៥០ម៉ែត្រ អាចឱ្យនាវា ៩៧ ភាគរយ ធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបានធ្វើឱ្យតម្លៃ ដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃចុះថោក។

លោកថា អាកាសយានដ្ឋានអន្តរជាតិក៏ត្រូវបានធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់ ៣៤០០ម៉ែត្រ និងជំរុញការសាងសង់ស្ថានីយចេញដំណើរ។ ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ បើកប្រើប្រាស់បណ្តោះអាសន្នរយៈពេលមួយខែ។

ម្យ៉ាងវិញទៀតខេត្តព្រះសីហនុធ្វើឱ្យប្រែមុខមាត់ថ្មីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម និងនៅចុងឆ្នាំនេះខេត្តព្រះសីហនុទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនមានដូចជា បុណ្យសមុទ្រ មហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក និងការរៀបចំព្រឹត្កិការណ៍ប្រកួតកីឡាម៉ូតូទឹក និងកីឡាទូកក្តោងនៅចុងឆ្នាំ២០២២ខាងមុខនេះ ឈានទៅការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ៕