(សៀមរាប)៖ ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ ចំនួន១០០គ្រួសារ នៅក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានទទួលស្បៀងបម្រុងទុកមានគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។
ពិធីផ្ដល់ជូនស្បៀង និងគ្រឿងឧបភោគបរិភោគនេះ ធ្វើឡើងនៅក្នុងសាលាស្រុកប្រាសាទបាគង ខេត្ដសៀមរាប នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងមានការចូលរួមប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក ពិន ប្រាកដ បានលើកឡើងថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមកមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ តែមួយគត់ ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។
លោកបានបន្តថា បើទោះបីស្បៀងទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រាៗផងដែរ ដែលនេះជាការបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល និងកាកកបាទក្រហមកម្ពុជា ដែលតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
ទន្ទឹមនឹងនេះដែរ លោក សូរ ប្លាតុង បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគងកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិច មានចំនួនជាង៣០០គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះមាន ចំនួន១០០គ្រួសារ ដែលរងផលប៉ះពាល់សម្រាប់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោកសូរ ប្លាតុង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោត គឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២តទៅ ដូច្នេះហើយ សូមអញ្ជើញទៅចុះឈ្មោះឲ្យទាន់ពេលវេលាផងដែរ៕